11 រួចកាលពួកសង្ឃបានចេញ ពីទីបរិសុទ្ធមកវិញ (ដ្បិតពួកសង្ឃទាំងអស់ដែលនៅទីនោះ បានញែកខ្លួនជាបរិសុទ្ធហើយ គេមិនបានចាំធ្វើការងារតាមវេនទេ
12 ឯពួកលេវី ជាពួកអ្នកចំរៀងទាំងប៉ុន្មាន គឺអេសាភ ហេម៉ាន និងយេឌូថិន ព្រមទាំងពួកកូនចៅ និងពួកបងប្អូន គេស្លៀកពាក់សំពត់ទេសឯកទាំងអស់គ្នា ឈរនៅខាងកើតអាសនា កាន់ឈឹង ពិណ និងស៊ុង ហើយមានពួកសង្ឃ១២០នាក់ ឈរជាមួយកំពុងតែផ្លុំត្រែដែរ)
13 នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចំរៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែ១ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈឹង ហើយលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច នោះស្រាប់តែព្រះវិហារព្រះយេហូវ៉ា មានពេញដោយពពក
14 ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារមិនបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនៃព្រះ។