6 ឯស្តេចសាឡូម៉ូន និងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានមូលគ្នាមកឯទ្រង់ គេនៅមុខហឹប ទាំងថ្វាយយញ្ញបូជា ជាចៀម និងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនបាន
7 រួចពួកសង្ឃនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចូលទៅឯកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបនៃចេរូប៊ីន
8 ពីព្រោះចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងសំរាប់ដាក់ហឹបហើយក៏គ្របពីលើហឹប និងឈើស្នែង
9 ឯឈើស្នែងនោះវែងល្មម បានជាមើលពីត្រង់ទីទូលសួរដល់ព្រះទៅ ឃើញចុងសងខាងចេញមកពីហឹប តែខាងក្រៅមិនឃើញទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ
10 រីឯនៅក្នុងហឹប ឥតមានអ្វីទេ មានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅភ្នំហោរែបនៅឡើយ គឺកាលព្រះយេហូវ៉ា ទ្រង់តាំងសេចក្ដីសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល នៅគ្រាដែលគេចេញពីស្រុកអេស៊ីព្ទមក។
11 រួចកាលពួកសង្ឃបានចេញ ពីទីបរិសុទ្ធមកវិញ (ដ្បិតពួកសង្ឃទាំងអស់ដែលនៅទីនោះ បានញែកខ្លួនជាបរិសុទ្ធហើយ គេមិនបានចាំធ្វើការងារតាមវេនទេ
12 ឯពួកលេវី ជាពួកអ្នកចំរៀងទាំងប៉ុន្មាន គឺអេសាភ ហេម៉ាន និងយេឌូថិន ព្រមទាំងពួកកូនចៅ និងពួកបងប្អូន គេស្លៀកពាក់សំពត់ទេសឯកទាំងអស់គ្នា ឈរនៅខាងកើតអាសនា កាន់ឈឹង ពិណ និងស៊ុង ហើយមានពួកសង្ឃ១២០នាក់ ឈរជាមួយកំពុងតែផ្លុំត្រែដែរ)