1 ខណៈនោះ សាឡូម៉ូនពោលថា ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងគង់នៅក្នុងងងឹតយ៉ាងក្រាស់
2 តែទូលបង្គំបានស្អាងព្រះវិហារនេះ ទុកជាទីលំនៅថ្វាយទ្រង់វិញ គឺជាកន្លែងសំរាប់ឲ្យទ្រង់គង់នៅអស់កល្បជានិច្ច។
3 រួចស្តេចទ្រង់បែរព្រះភក្ត្រមក ឲ្យពរដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏ឈរឡើង
4 នោះទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលទ្រង់បានមានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចសេចក្ដីនោះ ដោយសារព្រះហស្តទ្រង់ ដោយព្រះបន្ទូលថា
5 ចាប់តាំងពីថ្ងៃដែលអញបាននាំរាស្ត្រអញ ចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាទីសំរាប់ស្អាងព្រះវិហារ ឲ្យឈ្មោះអញបាននៅទីនោះឡើយ ក៏មិនបានរើសមនុស្សណាមួយ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្រអញដែរ