២ របាក្សត្រ 6:14-20 KHOV

14 ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក្តី ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ដល់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់

15 ទ្រង់​បាន​រក្សា​សេចក្ដី​សន្យា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​បំរើ​ទ្រង់ គឺ​នឹង​ដាវីឌ ជា​បិតា​ទូល‌បង្គំ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​សំរេច​សេចក្ដី​នោះ ដោយ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ

16 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ទ្រង់​រក្សា​សេចក្ដី ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​ប្រុង‌ប្រយ័ត្ន​នឹង​ផ្លូវ​ខ្លួន ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​អញ ដូច​ជា​ឯង​បាន​ដើរ​នៅ​មុខ​អញ​ដែរ

17 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ចុះ។

18 យី​អើ តើ​ព្រះ​នឹង​គង់​នៅ​ជា​មួយ​នឹង​មនុស្ស នៅ​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាលម៉ាន​ទៅ​ទៀត

19 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ ដែល​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក និង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ផង

20 ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ទ្រង់​នឹង​តាំង​ព្រះ‌នាម​ទ្រង់​នៅ​ទី​នោះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ