17 ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនឹងដាវីឌ ជាអ្នកបំរើទ្រង់ចុះ។
18 យីអើ តើព្រះនឹងគង់នៅជាមួយនឹងមនុស្ស នៅលើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
19 ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យ ដែលទូលបង្គំជាអ្នកបំរើទ្រង់អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលដល់ទ្រង់ផង
20 ប្រយោជន៍ឲ្យព្រះនេត្រទ្រង់បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលទ្រង់បានមានព្រះបន្ទូលហើយថា ទ្រង់នឹងតាំងព្រះនាមទ្រង់នៅទីនោះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំនឹងទូលដំរង់មកឯទីនេះ
21 ហើយកាលណាទូលបង្គំ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ អធិស្ឋានមកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅនៃទ្រង់ លុះកាលទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
22 បើសិនជាអ្នកណាធ្វើបាប ទាស់នឹងអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនានៃទ្រង់ក្នុងព្រះវិហារនេះ
23 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសំរេចការដោយជំនុំជំរះពួកបាវបំរើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទំលាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសំរេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងគេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។