21 ហើយកាលណាទូលបង្គំ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ អធិស្ឋានមកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅនៃទ្រង់ លុះកាលទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
22 បើសិនជាអ្នកណាធ្វើបាប ទាស់នឹងអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនានៃទ្រង់ក្នុងព្រះវិហារនេះ
23 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសំរេចការដោយជំនុំជំរះពួកបាវបំរើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទំលាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសំរេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងគេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
24 បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកវិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយនឹងអធិស្ឋានទូលអង្វរនៅចំពោះទ្រង់ក្នុងព្រះវិហារនេះ
25 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ និងអត់ទោសចំពោះអំពើបាបរបស់ពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មក នៅក្នុងស្រុក ដែលទ្រង់បានប្រទានដល់គេ និងពួកអយ្យកោគេវិញ។
26 បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានដំរង់មកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ
27 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់ពួកអ្នកបំរើទ្រង់ គឺជាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យគេដឹងផ្លូវល្អណា ដែលត្រូវដើរ រួចសូមបង្អុរភ្លៀង ឲ្យមកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ទុកជាមរដកផង។