23 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសំរេចការដោយជំនុំជំរះពួកបាវបំរើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទំលាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសំរេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងគេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
24 បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកវិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយនឹងអធិស្ឋានទូលអង្វរនៅចំពោះទ្រង់ក្នុងព្រះវិហារនេះ
25 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ និងអត់ទោសចំពោះអំពើបាបរបស់ពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មក នៅក្នុងស្រុក ដែលទ្រង់បានប្រទានដល់គេ និងពួកអយ្យកោគេវិញ។
26 បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានដំរង់មកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ
27 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់ពួកអ្នកបំរើទ្រង់ គឺជាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យគេដឹងផ្លូវល្អណា ដែលត្រូវដើរ រួចសូមបង្អុរភ្លៀង ឲ្យមកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ទុកជាមរដកផង។
28 បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយមកក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ
29 នោះទោះបើមនុស្សណា ឬបណ្តាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដែលស្គាល់សេចក្ដីវេទនា និងសេចក្ដីទុកលំបាក នៅក្នុងចិត្តខ្លួន គេលើកដៃប្រទូលដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ