36 បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សឯណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយ ឬជិតក្តី
37 នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំគេទៅជាឈ្លើយនោះ ហើយបែរត្រឡប់មកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់នៅក្នុងស្រុក ដែលគេនៅជាឈ្លើយនោះថា យើងខ្ញុំបានធ្វើបាប ព្រមទាំងប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់
38 បើសិនជាគេវិលត្រឡប់មកឯទ្រង់ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបានដឹកនាំទៅនោះ ហើយគេអធិស្ឋានដំរង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់ពួកអយ្យកោគេ និងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់
39 នោះសូមទ្រង់ប្រោសស្តាប់ ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចសេចក្ដីត្រឹមត្រូវឲ្យគេផង ហើយអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់នោះ។
40 ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមឲ្យព្រះនេត្រទ្រង់បាននៅតែបើក ហើយព្រះកាណ៌ទ្រង់ផ្ទៀងស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ
41 ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមទ្រង់ឈរឡើង យាងចូលទៅឯទីសំរាករបស់ទ្រង់ឥឡូវ ព្រមទាំងហឹបរបស់ឥទ្ធានុភាពរបស់ទ្រង់ផង ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យពួកសង្ឃនៃទ្រង់បានប្រដាប់ខ្លួន ដោយសេចក្ដីសង្គ្រោះ ហើយឲ្យពួកបរិសុទ្ធរបស់ទ្រង់បានរីករាយសប្បាយ ដោយសេចក្ដីល្អ
42 ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមកុំបំបែរមុខនៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំងចេញឡើយ សូមនឹកចាំពីសេចក្ដីសប្បុរស ដែលទ្រង់បានប្រោសដល់ដាវីឌជាអ្នកបំរើទ្រង់ផង។។