4 នោះទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលទ្រង់បានមានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចសេចក្ដីនោះ ដោយសារព្រះហស្តទ្រង់ ដោយព្រះបន្ទូលថា
5 ចាប់តាំងពីថ្ងៃដែលអញបាននាំរាស្ត្រអញ ចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាទីសំរាប់ស្អាងព្រះវិហារ ឲ្យឈ្មោះអញបាននៅទីនោះឡើយ ក៏មិនបានរើសមនុស្សណាមួយ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្រអញដែរ
6 តែឥឡូវនេះវិញ អញបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះអញបាននៅទីនោះ ហើយអញបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញ
7 ឯដាវីឌជាបិតាយើង ទ្រង់បានប្រាថ្នាក្នុងព្រះទ័យ ចង់ស្អាងព្រះវិហារសំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ
8 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងបានប្រាថ្នានៅក្នុងចិត្ត ចង់ស្អាងព្រះវិហារសំរាប់ឈ្មោះអញ នោះក៏ល្អហើយ ដោយកើតមានគំនិតយ៉ាងដូច្នោះ
9 ប៉ុន្តែឯងមិនត្រូវស្អាងព្រះវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញ
10 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេច តាមព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលនោះហើយ ដ្បិតយើងបានកើតឡើងជំនួសដាវីឌ ជាបិតា ហើយក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យាទុក ហើយយើងបានស្អាងព្រះវិហារនេះ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល