8 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងបានប្រាថ្នានៅក្នុងចិត្ត ចង់ស្អាងព្រះវិហារសំរាប់ឈ្មោះអញ នោះក៏ល្អហើយ ដោយកើតមានគំនិតយ៉ាងដូច្នោះ
9 ប៉ុន្តែឯងមិនត្រូវស្អាងព្រះវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញ
10 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេច តាមព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលនោះហើយ ដ្បិតយើងបានកើតឡើងជំនួសដាវីឌ ជាបិតា ហើយក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យាទុក ហើយយើងបានស្អាងព្រះវិហារនេះ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
11 យើងក៏បានដាក់ហឹប ដែលក្នុងហឹបនោះមានសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាសញ្ញាដែលទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល។
12 សាឡូម៉ូនទ្រង់ឈរនៅចំពោះអាសនា នៃព្រះយេហូវ៉ា នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ក៏លើកព្រះហស្តប្រទូលឡើង
13 (ដ្បិតទ្រង់បានធ្វើទីថ្កល់ពីលង្ហិន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ និងកំពស់៣ហត្ថ ដាក់នៅកណ្តាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តប្រទូលឡើងទៅលើមេឃ)
14 ទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅលើមេឃ ឬនៅផែនដីក្តី ទ្រង់កាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសដល់ពួកអ្នកបំរើទ្រង់ ដែលដើរនៅចំពោះទ្រង់ដោយចិត្តស្មោះត្រង់