16 ដ្បិតឥឡូវនេះ អញបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះអញបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តអញ ក៏នឹងនៅទីនេះជានិច្ច
17 ចំណែកឯង បើសិនជាដើរនៅមុខអញ ដូចជាដាវីឌ ជាឪពុកឯង ព្រមទាំងធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ឯង ហើយរក្សាបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មានរបស់អញ
18 នោះអញនឹងតាំងរាជ្យនៃនគរឯង ឲ្យខ្ជាប់ខ្ជួនឡើង ដូចជាអញបានតាំងសញ្ញានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងគ្រប់គ្រងលើអ៊ីស្រាអែលឡើយ
19 ប៉ុន្តែបើឯងរាល់គ្នាងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលអញបានដាក់សំញែងនៅមុខឯងរាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ
20 នោះអញនឹងរំលើងគេ ចេញពីស្រុកដែលអញបានឲ្យដល់គេ រួចព្រះវិហារនេះ ដែលអញបានញែកជាបរិសុទ្ធ ទុកសំរាប់ឈ្មោះអញ នោះអញនឹងបោះបង់ចោលពីភ្នែកអញចេញ ឲ្យបានត្រឡប់ជាទីប្រៀបផ្ទឹម ហើយជាទីត្មះតិះដៀល នៅក្នុងសាសន៍ដទៃទាំងអស់
21 ហើយព្រះវិហារនេះដែលខ្ពស់ទាំងម៉្លេះ នោះអស់អ្នកណាដែលដើរតាមនេះ នឹងមានសេចក្ដីប្លែកក្នុងចិត្តថា ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តនឹងស្រុកនេះ ហើយនឹងព្រះវិហារនេះយ៉ាងដូច្នេះ
22 គេនឹងឆ្លើយឡើងថា គឺដោយព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក ហើយបានទៅចាប់កាន់តាមព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះផង ហេតុនោះបានជាទ្រង់បណ្តាលឲ្យសេចក្ដីអាក្រក់ទាំងនេះកើតឡើងដល់គេ។