២ របាក្សត្រ 7:2-8 KHOV

2 ពួក​សង្ឃ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នោះ

3 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​គេ​ក៏​មើល​ឃើញ ក្នុង​កាល​ដែល​ភ្លើង​ចុះ​មក និង​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​លើ​ព្រះ‌វិហារ​ដែរ ហើយ​គេ​ឱន​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ ឯ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ក៏​នៅ​អស់​កល្ប‌ជានិច្ច។

4 រួច​មក​ស្តេច និង​បណ្តា‌ជន​ទាំង‌ឡាយ ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

5 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​យញ្ញ‌បូជា ជា​គោ​២​ម៉ឺន​២​ពាន់ និង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ដែល​ស្តេច និង​ពួក​ជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ

6 ឯ​ពួក​សង្ឃ គេ​ឈរ​នៅ​ទី​តាម​ដំណែង​របស់​គេ​រៀង​ខ្លួន ព្រម​ទាំង​ពួក​លេវី​ដែរ គេ​កាន់​ប្រដាប់​ភ្លេង​នៃ​ព្រះ‌យេហូវ៉ា ដែល​ស្តេច​ដាវីឌ​បាន​ធ្វើ​សំរាប់​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ដាវីឌ​បាន​សរសើរ ដោយ‌សារ​ពួក​នោះ​ថា សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប‌ជានិច្ច ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង​នៅ​មុខ​គេ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​នៅ

7 សាឡូ‌ម៉ូន​ទ្រង់​ញែក​កន្លែង​កណ្តាល​ទីលាន ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ​ជា​បរិសុទ្ធ ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ទ្រង់​ថ្វាយ​ដង្វាយ​ដុត​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ដង្វាយ​មេត្រី​ផង ពី​ព្រោះ​អាស‌នា​លង្ហិន ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​នោះ មិន​ល្មម​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ និង​ខ្លាញ់​ផង​បាន​ទេ។

8 នៅ​គ្រា​នោះ សាឡូ‌ម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យអស់​៧​ថ្ងៃ ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ស្រុក​អេស៊ីព្ទ