២ របាក្សត្រ 8:11-17 KHOV

11 រួច​មក សាឡូ‌ម៉ូន​ទ្រង់​នាំ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ចេញ​ពី​ក្រុង​ដាវីឌ ឡើង​មក​ឯ​ដំណាក់​ដែល​ទ្រង់​បាន​សង់​សំរាប់​ព្រះ‌នាង ដ្បិត​ទ្រង់​នឹក​ថា ប្រពន្ធ​របស់​អញ​មិន​ត្រូវ​នៅ​ក្នុង​ដំណាក់​នៃ​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​ទី​កន្លែង​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា បាន​ចូល​មក​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។

12 គ្រា​នោះ សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាស‌នា ដែល​ទ្រង់​បាន​ស្អាង នៅ​មុខ​បាំង‌សាច

13 តាម​កំណត់​ដែល​ត្រូវ​ការ​រាល់​តែ​ថ្ងៃ គឺ​ថ្វាយ​ឲ្យ​ត្រូវ​នឹង​ក្រឹត្យ‌ក្រម​របស់​លោក​ម៉ូសេ ទាំង​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ​មាន​កំណត់ ៣​ដង​ក្នុង​១​ឆ្នាំ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ បុណ្យ​អាទិត្យ​ទី​៧ និង​នៅ​បុណ្យ​បារាំ

14 ទ្រង់​ក៏​ដំរូវ​វេន​ពួក​សង្ឃ ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​តាម​ច្បាប់ ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ សំរាប់​នឹង​ពោល​សរសើរ ហើយ​នឹង​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ដែរ តាម​វេន​គេ​នៅ​រាល់​តែ​ទ្វារ ដ្បិត​ដាវីឌ​ជា​អ្នក​សំណប់​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ

15 ហើយ​គេ​មិន​បាន​ធ្វើ​ខុស​ពី​ច្បាប់​របស់​ស្តេច ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​សង្ឃ និង​ពួក​លេវី ចំពោះ​ការ​អ្វី ឬ​ខាង​ឯ​ទ្រព្យ​វិសេស​ណា​ឡើយ។

16 រីឯ​ការ​ទាំង​អស់​ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​ធ្វើ​ទុក​ជា​ស្រេច តាំង​ពី​ថ្ងៃ​ដែល​គេ​ដាំ​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រហូត​ដល់​បាន​ហើយ ដូច្នេះ ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្អាង​ឡើង​ជា​ស្រេច។

17 រួច​មក សាឡូ‌ម៉ូន​ទ្រង់​យាង​ទៅ​ឯ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដំម