3 សាឡូម៉ូនទ្រង់ចេញទៅច្បាំង ហើយយកបានក្រុងហាម៉ាត-សូបា
4 ក៏សង់ក្រុងថាត់ម៉ោរ នៅទីរហោស្ថាន និងអស់ទាំងទីក្រុងសំរាប់ជាឃ្លាំង ដែលទ្រង់បានធ្វើនៅស្រុកហាម៉ាតនោះដែរ
5 ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ និងខាងក្រោម ជាទីក្រុងមានបន្ទាយ ហើយមានកំផែង មានទ្វារ និងរនុកផង
6 ព្រមទាំងក្រុងប្អាឡាត និងអស់ទាំងទីក្រុង សំរាប់ជាឃ្លាំងរបស់សាឡូម៉ូន ហើយទីក្រុងសំរាប់រទេះចំបាំង និងទីក្រុងសំរាប់ពលសេះទ្រង់ ព្រមទាំងអ្វីៗដែលស្តេចប្រាថ្នាចង់ធ្វើ សំរាប់ជាទីគាប់ព្រះទ័យ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន ហើយនៅគ្រប់ក្នុងស្រុកដែលនៅក្រោមអំណាចទ្រង់ផង។
7 ឯពួកជនទាំងប៉ុន្មាន ដែលសល់ពីពួកសាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលមិនមែនជាពូជអ៊ីស្រាអែល
8 ព្រមទាំងពួកកូនចៅគេ ដែលសល់នៅក្នុងស្រុក គឺដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញបង់ នោះសាឡូម៉ូនទ្រង់បានកេណ្ឌទុកជាបាវបំរើ ដរាបដល់សព្វថ្ងៃនេះ
9 តែទ្រង់មិនបានយកអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឲ្យធ្វើជាអ្នកបំរើសំរាប់ការទ្រង់ទេ គេសុទ្ធតែជាមនុស្សចំបាំង និងជាមេលើពួកមេទ័ព ជានាយត្រួតលើរទេះចំបាំង និងពួកពលសេះរបស់ទ្រង់វិញ