២ សាំយូអែល 15:1-6 KHOV

1 រួច​អំពី​នោះ​មក អាប់‌សា‌ឡំម​ទ្រង់​ចាត់‌ចែង​រទេះ និង​សេះ ហើយ​មនុស្ស​៥០​នាក់ សំរាប់​រត់​ខាង​មុខ​ទ្រង់

2 ទ្រង់​ក៏​តែង​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​មាត់​ថ្នល់​ដែល​ចូល​តាម​ទ្វារ​ក្រុង បើ​កាល​ណា​មាន​អ្នក​ណា​មាន​ក្តី ដែល​ត្រូវ​បញ្ជូន​ទៅ​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជំរះ នោះ​អាប់‌សា‌ឡំម ទ្រង់​ហៅ​អ្នក​នោះ​មក​សួរ​ថា អ្នក​មក​ពី​ស្រុក​ណា គេ​ទូល​ឆ្លើយ​ថា ទូល‌បង្គំ ជា​អ្នក​បំរើ​នៃ​ទ្រង់ មក​ពី​ពូជ​អំបូរ​ណា​មួយ​ក្នុង​សាសន៍​អ៊ីស្រា‌អែល

3 ទើប​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ថា មើល ដំណើរ​រឿង​របស់​អ្នក​ជា​ល្អ​ត្រឹម‌ត្រូវ​ហើយ តែ​ស្តេច​មិន​បាន​តាំង​អ្នក​ណា ឲ្យ​ស្តាប់​រឿង​អ្នក​ទេ

4 អាប់‌សា‌ឡំម​ក៏​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា ឱ​បើ​យើង​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​ក្នុង​នគរ​នេះ​ទៅ​អេះ នោះ​អស់​អ្នក​ណា​ដែល​មាន​រឿង​មាន​ក្តី​នឹង​បាន​មក​ឯ​យើង ហើយ​យើង​នឹង​ជំនុំ‌ជំរះ​ឲ្យ​គេ​តាម​យុត្តិ‌ធម៌

5 នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​មក​ថ្វាយ‌បង្គំ​ដល់​ទ្រង់ នោះ​ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​ទាញ​មក​ថើប​អ្នក​នោះ

6 អាប់‌សា‌ឡំម​ទ្រង់​តែង​ប្រព្រឹត្ត​យ៉ាង​នេះ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជំរះ ដូច្នេះ ទ្រង់​បាន​ទាក់​ចិត្ត​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង‌ឡាយ។