ជនគណនា 15 KHOV

ក្រឹត្យ‌វិន័យ​អំពី​ដង្វាយ​ម្សៅ ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​នឹង​ឲ្យ ទុក​សំរាប់​ជា​ទី​លំនៅ​របស់​ឯង

3 ហើយ​ចង់​យក​សត្វ​ពី​ហ្វូង​គោ ឬ​ពី​ហ្វូង​ចៀម ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ជា​ដង្វាយ​ដុត ឬ​ជា​យញ្ញ‌បូជា​លា​បំណន់ ឬ​ជា​ដង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ឬ​ដែល​ថ្វាយ​នៅ​ថ្ងៃ​បុណ្យ​កំណត់​ក្តី ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

4 នោះ​អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​តែ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង ថ្វាយ​ជា​ដង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​២​កំប៉ុង

5 ហើយ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​២​កំប៉ុង សំរាប់​ជា​ដង្វាយ​ច្រួច​ជា​មួយ​នឹង​ដង្វាយ​ដុត​នោះ ឬ​សំរាប់​រាល់​តែ​ចៀម​ក្នុង​យញ្ញ‌បូជា​នោះ

6 ឬ​បើ​ជា​ចៀម​ឈ្មោល នោះ​ត្រូវ​រៀប​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​នឹង​ប្រេង​៣​កំប៉ុង សំរាប់​ជា​ដង្វាយ​ម្សៅ

7 ហើយ​ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ‌ជូរ​៣​កំប៉ុង​សំរាប់​ជា​ដង្វាយ​ច្រួច ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​ព្រះ‌យេហូវ៉ា

8 កាល​ណា​រៀប​គោ​ឈ្មោល​សំរាប់​ជា​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​លា​បំណន់ ឬ​ជា​ដង្វាយ​មេត្រី​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

9 នោះ​ត្រូវ​ថ្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង សំរាប់​ជា​ដង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​៤​កំប៉ុង ជា​មួយ​នឹង​គោ​ឈ្មោល​នោះ

10 ឯ​ដង្វាយ​ច្រួច នោះ​ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ‌ជូរ​៤​កំប៉ុង សំរាប់​ជា​ដង្វាយ​ដុត ទុក​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

11 គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ធ្វើ​ដល់​រាល់​តែ​គោ​ឈ្មោល​ពពែ​ឈ្មោល កូន​ចៀម​ឈ្មោល និង​កូន​ពពែ​នីមួយៗ

12 តាម​ចំនួន​សត្វ​ដែល​ឯង​រៀប​ថ្វាយ នោះ​ត្រូវ​តែ​ធ្វើ​ចំពោះ​សត្វ​នីមួយៗ​យ៉ាង​ដូច្នេះ​តាម​ចំនួន

13 អស់​អ្នក​ដែល​កើត​ក្នុង​ស្រុក ត្រូវ​តែ​ធ្វើ​តាម​របៀប​នេះ ក្នុង​កាល​ដែល​ថ្វាយ​ដង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

14 ឬ​បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​គ្រប់​ទាំង​ដំណ​ត​ទៅ ចង់​ថ្វាយ​ដង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ជា​ឯង​រាល់​គ្នា​ធ្វើ​ដែរ

15 នៅ​ក្នុង​ពួក​ជំនុំ នោះ​ត្រូវ​មាន​ច្បាប់​តែ​១ សំរាប់​ឯង​រាល់​គ្នា ហើយ​សំរាប់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា​មួយ​ដែរ គឺ​ជា​ច្បាប់​ដ៏​អស់​កល្ប‌ជានិច្ច នៅ​អស់​ទាំង​ដំណ​ត​ទៅ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទោះ​ទាំង​អ្នក​ប្រទេស​ក្រៅ ក៏​ដូច​ជា​ឯង​រាល់​គ្នា​ដែរ

16 ត្រូវ​ឲ្យ​មាន​របៀប​តែ​១ ហើយ​ច្បាប់​តែ​១​ប៉ុណ្ណោះ​សំរាប់​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​ដែរ។

ក្រឹត្យ‌វិន័យ​ស្តី​អំពី​ផល​ដំបូង​បង្អស់

17 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

18 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​នាំ​ឯង​ចូល​ទៅ

19 ហើយ​ឯង​នឹង​បរិភោគ​អាហារ​របស់​ស្រុក​នោះ នោះ​ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា

20 ត្រូវ​យក​ម្សៅ ដែល​លាយ​មុន​ដំបូង​មក​ធ្វើ​ជា​នំ​១ ថ្វាយ​សំរាប់​ជា​ដង្វាយ​លើក​ចុះ​ឡើង ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​នោះ ដូច​ជា​ដង្វាយ​ពី​លាន​ស្រូវ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​ដែរ

21 នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ នោះ​ត្រូវ​យក​ម្សៅ ដែល​លាយ​មុន​ដំបូង​មក ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា។

22 បើ​កាល​ណា​ឯង​រាល់​គ្នា​ធ្វើ​ខុស ដោយ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​មក​ម៉ូសេ

23 គឺ​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​បង្គាប់​សេចក្ដី​នោះ​មក ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ

24 បើ‌សិន​ជា​ការ​កំហុស​នោះ​បាន​ធ្វើ​ដោយ​ឥត​ដឹង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ជំនុំ​បាន​ដឹង​សោះ នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​តាម​របៀប​នោះ​ផង ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ

25 ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​ពួក​ជំនុំ នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា នោះ​នឹង​បាន​អត់​ទោស​ឲ្យ​គេ ដ្បិត​ការ​នោះ​ជា​ការ​កំហុស តែ​គេ​បាន​យក​ដង្វាយ​គេ​មក​ហើយ គឺ​ជា​ដង្វាយ​ដុត ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​លោះ​បាប​នៅ​ចំពោះ​យេហូវ៉ា ដោយ​ព្រោះ​ការ​កំហុស​របស់​គេ

26 នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា និង​ពួក​អ្នក​ដទៃ​ដែល​ស្នាក់​នៅ​កណ្តាល​គេ នឹង​បាន​រួច​ចាក​ទោស​ហើយ ដ្បិត​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ធ្វើ​បាប​នោះ ដោយ​ឥត​ដឹង​សោះ។

27 បើ‌សិន​ជា​មាន​អ្នក​ណា​តែ​ម្នាក់ ធ្វើ​បាប​ដោយ​ឥត​ដឹង អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​លោះ​បាប

28 ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដែល​បាន​ធ្វើ​ខុស នៅ​វេលា​ណា​ដែល​គេ​ធ្វើ​បាប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដោយ​ឥត​ដឹង ដើម្បី​ឲ្យ​បាន​ធួន​នឹង​អ្នក​នោះ រួច​នឹង​បាន​អត់​ទោស​ឲ្យ​គេ

29 ត្រូវ​មាន​ច្បាប់​តែ​១​សំរាប់​អ្នក​ណា ដែល​ធ្វើ​ការ​ខុស​ដោយ​ឥត​ដឹង ទោះ​បើ​ជា​អ្នក​កើត​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជា​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា​មួយ​ក្តី

30 តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​ដោយ​ឥត​មាន​ខ្លាច ទោះ​បើ​ជា​អ្នក​ស្រុក ឬ​ជា​អ្នក​ស្នាក់​នៅ​ក្តី អ្នក​នោះ​ឈ្មោះ​ថា​ប្រមាថ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ត្រូវ​តែ​កាត់​អ្នក​យ៉ាង​នោះ​ចេញ​ពី​សាសន៍​របស់​ខ្លួន

31 ពី​ព្រោះ​បាន​មើល‌ងាយ ដល់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​ទទឹង​នឹង​បញ្ញត្ត​ទ្រង់​ផង ត្រូវ​តែ​កាត់‌កាល់​អ្នក​នោះ ឲ្យ​ដាច់​ចេញ​ជា​ពិត គេ​មាន​ទោស​ជាប់​នៅ​លើ​ខ្លួន​ហើយ។

អ្នក​រំលោភ​លើ​ថ្ងៃ​ឈប់​សំរាក

32 កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​ទី​រហោ‌ស្ថាន គេ​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រើស​ឧស នៅ​ថ្ងៃ​ឈប់​សំរាក

33 ឯ​ពួក​អ្នក​ដែល​ឃើញ ក៏​នាំ​ទៅ​ឯ​ម៉ូសេ និង​អើរ៉ុន ហើយ​នឹង​ពួក​ជំនុំ​ទាំង​អស់

34 គេ​ឃុំ​អ្នក​នោះ​ទុក ពី​ព្រោះ​មិន​ទាន់​បាន​សំដែង​ឲ្យ​ដឹង ជា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​នៅ​ឡើយ

35 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ត្រូវ​សំឡាប់​អ្នក​នោះ​ចោល​ទៅ​ជា​កុំ​ខាន ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​នឹង​ថ្ម នៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ

36 ដូច្នេះ​ពួក​ជំនុំ​ក៏​នាំ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ចោល​នឹង​ថ្ម​ឲ្យ​ស្លាប់​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

រំយោល​នៅ​ជាយ​អាវ

37 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

38 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ត្រូវ​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​ខ្លួន នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ហើយ​ត្រូវ​មាន​ខ្សែ​ពណ៌​ផ្ទៃ​មេឃ​ជាប់​នឹង​រំយោល នៅ​គ្រប់​ទាំង​ជាយ​អាវ​របស់​គេ

39 នោះ​នឹង​បាន​សំរាប់​ជា​រំយោល ឲ្យ​ឯង​រាល់​គ្នា​មើល ដើម្បី​ឲ្យ​នឹក​ចាំ​ពី​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ប្រយោជន៍​កុំ​ឲ្យ​ឯង​រាល់​គ្នា​រក​តាម​តែ​ចិត្ត និង​ភ្នែក​ឯង ដែល​នាំ​ឲ្យ​ឯង​ផិត​ទៅ​តាម​នោះ​ឡើយ

40 គឺ​ឲ្យ​ឯង​រាល់​គ្នា​បាន​នឹក​ចាំ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​របស់​អញ ហើយ​ឲ្យ​បាន​បរិសុទ្ធ​សំរាប់​ព្រះ​នៃ​ឯង​វិញ

41 អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36