ជនគណនា 34 KHOV

ព្រំ​ប្រទល់​ស្រុក​កាណាន

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ (គឺ​ស្រុក​នោះ​ហើយ​ដែល​ឯង​រាល់​គ្នា​នឹង​បាន​ទុក​ជា​មរដក ជា​ស្រុក​កាណាន​តាម​ព្រំ‌ដែន​ទាំង​ប៉ុន្មាន)

3 នោះ​ដែន​ស្រុក​របស់​ឯង​ខាង​ត្បូង ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដំម ហើយ​ព្រំ​ស្រុក​ខាង​ត្បូង នោះ​ត្រូវ​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល​ទៅ​ទិស​ខាង​កើត

4 រួច​ត្រូវ​បត់​ទៅ​ខាង​ត្បូង​តាម​ច្រក​ចោត​ឈ្មោះ​អេក្រា‌ប៊ីម រហូត​ទៅ​ត្រឹម​ស៊ីន ហើយ​ចេញ​ទៅ​ខាង​ត្បូង​កាដេស-បារនា ដល់​ទៅ​ហាសា-អាដា រហូត​ដល់​អាសម៉ូន

5 ពី​អាសម៉ូន​ត្រូវ​បត់​ទៅ​ខាង​ស្ទឹង​ស្រុក​អេស៊ីព្ទ​ទៅ​ទល់​នឹង​សមុទ្រ។

6 ឯ​ព្រំ‌ដែន​ខាង​លិច នោះ​មាន​សមុទ្រ​ធំ​ជា​ព្រំ​ប្រទល់ សមុទ្រ​នោះ​ត្រូវ​បាន​ជា​ព្រំ​ស្រុក​ខាង​លិច​របស់​ឯង​រាល់​គ្នា។

7 ឯ​ព្រំ‌ដែន​ខាង​ជើង នោះ​ត្រូវ​ឲ្យ​ឯង​កាត់​ដំរង់​ចាប់​តាំង​ពី​សមុទ្រ​ធំ​ទៅ​ដល់​ភ្នំ​ហោរ

8 ពី​ភ្នំ​ហោរ​ត្រូវ​កាត់​ដំរង់​ទៅ​ដល់​ទ្វារ​ស្រុក​ហាម៉ាត​រៀង​ទៅ​ត្រឹម​សេដាត់

9 រួច​ត្រូវ​ចេញ​ទៅ​តាម​ស៊ីប្រុន រហូត​ដល់​ហាសា-អេណាន នោះ​ហើយ​ជា​ព្រំ​ស្រុក​របស់​ឯង​ខាង​ជើង។

10 រួច​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សំរេច​ព្រំ‌ដែន​ខាង​កើត ចាប់​តាំង​ពី​ហាសា-អេណាន ទៅ​ដល់​សេផាម

11 ពី​សេផាម​ចុះ​ទៅ​ដល់​រីមឡា ដែល​នៅ​ខាង​កើត​អាយីន ហើយ​ចុះ​ទៅ​ទល់​នឹង​កៀន​សមុទ្រ​គេនេ‌សារ៉ែត​ខាង​កើត

12 រួច​ចុះ​ទៅ​តាម​ទន្លេ​យ័រដាន់ ទៅ​ទល់​នឹង​សមុទ្រ​អំបិល នោះ​ហើយ​ជា​ស្រុក​របស់​ឯង​រាល់​គ្នា តាម​ព្រំ​ប្រទល់​ជុំវិញ។

13 ម៉ូសេ​ក៏​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នេះ​ហើយ​ជា​ស្រុក ដែល​ឯង​រាល់​គ្នា​ត្រូវ​ទទួល ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា ត្រូវ​ចែក​ឲ្យ​ដល់​ពូជ​អំបូរ​ទាំង​៩ និង​១​ចំហៀង​ទៀត​នោះ

14 ពី​ព្រោះ​ពូជ​អំបូរ​នៃ​កូន​ចៅ​រូបេន តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ទទួល​មរដក​គេ​ហើយ ព្រម​ទាំង​ពូជ​អំបូរ​នៃ​កូន​ចៅ​កាឌ់ តាម​វង្សា​នុវង្ស​របស់​ឪពុក​គេ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ផង គេ​សុទ្ធ​តែ​ទទួល​មរកដ​របស់​គេ​ហើយ

15 ពូជ​អំបូរ​ទាំង​២ ហើយ​នឹង​ពូជ​អំបូរ​១​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មរដក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ទល់​មុខ​នឹង​យេរីខូរ​ខាង​កើត​នេះ គឺ​ខាង​ទិស​ថ្ងៃ​រះ។

ព្រះ‌បញ្ជា​បែង​ចែក​ទឹក​ដី

16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

17 ឯ​ឈ្មោះ​ពួក​អ្នក ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរដក​ឲ្យ​ឯង​រាល់​គ្នា នោះ​គឺ​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន

18 ហើយ​ត្រូវ​យក​ម្នាក់ៗ​ដែល​ជា​កំពូល​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក

19 ឯ​ឈ្មោះ​ពួក​អ្នក​ទាំង​នោះ គឺ​កាលែប ជា​កូន​យេភូនេ ពី​ពូជ​អំបូរ​យូដា​១

20 សាំយូ‌អែល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​ស៊ីម្មាន​១

21 អេលីដាត ជា​កូន​គីស្លូន ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន​១

22 អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៊ូគី ជា​កូន​យុកលី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ដាន់​១

23 ឯ​ខាង​ពួក​កូន​ចៅ​យ៉ូសែប នោះ​គឺ​អ្នក​ដែល​ជា​កំពូល​ឈ្មោះ​ហានាល ជា​កូន​អេផូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ម៉ាន៉ាសេ​១

24 និង​អ្នក​ដែល​ជា​កំពូល ឈ្មោះ​កេមយួល ជា​កូន​ស៊ីប‌តាន ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេប្រា‌អិម​១

25 អ្នក​ដែល​ជា​កំពូល​ឈ្មោះ​អេលី‌សាផាន ជា​កូន​ប៉ារណាក ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​សាប់‌យូល៉ូន​១

26 អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៉ាល‌ទាល ជា​កូន​អាស្សាន់ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អ៊ីសាខារ​១

27 អ្នក​ដែល​ជា​កំពូល ឈ្មោះ​អ័ហ៊ីហ៊ូត ជា​កូន​សេឡូមី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេស៊ើរ​១

28 ហើយ​អ្នក​ដែល​ជា​កំពូល ឈ្មោះ​ពេដា‌ហិល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ណែប‌ថាលី​១

29 នេះ​ហើយ​ជា​ពួក​អ្នក ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​ចែក​ស្រុក​កាណាន ទុក​ជា​មរដក ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36