ជនគណនា 13 KHOV

ម៉ូសេ​ចាត់​អ្នក​ស៊ើប‌ការណ៍​ដប់​ពីរ​នាក់​ទៅ​ស្រុក​កាណាន

1 នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

2 ចូរ​ចាត់​មនុស្ស ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដែល​អញ​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ត្រូវ​ចាត់​ម្នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ ដែល​គ្រប់​គ្នា​ជា​កំពូល​លើ​ពួក​ខ្លួន

3 រួច​ម៉ូសេ​ក៏​ចាត់​ពួក​នោះ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

4 ឯ​ឈ្មោះ​របស់​គេ នោះ​គឺ​សាំមួរ​ជា​កូន​សាគើរ ក្នុង​ពូជ​អំបូរ​រូបេន​១

5 សាផាត​ជា​កូន​ហូរី ក្នុង​ពូជ​អំបូរ​ស៊ីម្មាន​១

6 កាលែប​ជា​កូន​យេភូនេ ក្នុង​ពូជ​អំបូរ​យូដា​១

7 យីកាល​ជា​កូន​យ៉ូសែប ក្នុង​ពូជ​អំបូរ​អ៊ីសាខារ​១

8 ហូសេ​ជា​កូន​នុន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​១

9 ប៉ាលធី​ជា​កូន​រ៉ាភូរ ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​១

10 កាឌាល​ជា​កូន​សូឌី ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន១

11 កាឌី​ជា​កូន​ស៊ូស៊ី ក្នុង​ពូជ​អំបូរ​យ៉ូសែប គឺ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១

12 អាំមាល​ជា​កូន​កេម៉ាលី ក្នុង​ពូជ​អំបូរ​ដាន់​១

13 សេធើរ​ជា​កូន​មីកែល ក្នុង​ពូជ​អំបូរ​អេស៊ើរ​១

14 ណាស់ប៊ី​ជា​កូន​វ៉ុបស៊ី ក្នុង​ពូជ​អំបូរ​ណែប‌ថាលី​១

15 កេអួល​ជា​កូន​ម៉ាគី ក្នុង​ពូជ​អំបូរ​កាឌ់​១

16 នេះ​ហើយ​ជា​ឈ្មោះ​នៃ​ពួក​អ្នក​ដែល​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ម៉ូសេ​ក៏​ហៅ​ហូសេ ជា​កូន​នុន​ថា យ៉ូស្វេ​វិញ។

17 ម៉ូសេ​ចាត់​អ្នក​ទាំង​នោះ ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដោយ​ពាក្យ​ថា ត្រូវ​ចូល​ទៅ​តាម​ផ្លូវ​ពី​ខាង​ត្បូង​នេះ ឡើង​ទៅ​ឯ​ស្រុក​ភ្នំ

18 ហើយ​សង្កេត​មើល​ស្រុក​នោះ តើ​ជា​យ៉ាង​ណា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​នោះ​ផង តើ​ជា​ខ្លាំង​ឬ​ខ្សោយ ច្រើន​ឬ​តិច

19 ហើយ​ស្រុក​ដែល​គេ​នៅ​នោះ តើ​ល្អ ឬ​អាក្រក់ និង​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​គេ តើ​ជា​យ៉ាង​ណា សុទ្ធ​តែ​ជា​រោង​ត្រសាល ឬ​ជា​ទី​ក្រុង​ដ៏​មាំ‌មួន

20 ហើយ​នឹង​ដី​នៅ​ស្រុក​នោះ តើ​កើត​ផល​ជា​បរិបូរ ឬ​គ្មាន មាន​ព្រៃ​ដែរ​ឬ​ទេ ចូរ​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​នាំ​យក​ផល​របស់​ស្រុក​នោះ​មក​វិញ​ផង រីឯ​រដូវ​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជា​ដំបូង។

21 ដូច្នេះ​គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ហាម៉ាត

22 គេ​ឡើង​ពី​ខាង​ត្បូង​ទៅ​ដល់​ហេប្រុន នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​អ័ណាក់ (ឯ​ក្រុង​ហេប្រុន​នេះ បាន​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន ដែល​នៅ​ស្រុក​អេស៊ីព្ទ)

23 រួច​គេ​មក​ដល់​ជ្រោះ​អែស‌កុល ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​សែង​គ្នា​២​នាក់ ព្រម​ទាំង​ផ្លែ​ទទឹម និង​ផ្លែ​ល្វា​ផង

24 គេ​ហៅ​ទី​នោះ​ថា ជ្រោះ​អែស‌កុល ដោយ​ព្រោះ​ចង្កោម​ទំពាំង‌បាយ‌ជូរ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​នៅ​ទី​នោះ

25 រួច​ក្រោយ​មក​៤០​ថ្ងៃ គេ​ក៏​ត្រឡប់​មក​ពី​សង្កេត​មើល​ស្រុក​នោះ​វិញ។

26 គេ​ត្រឡប់​មក​ដល់​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ត្រង់​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ក៏​ជូន​ដំណឹង​ដល់​លោក និង​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​បង្ហាញ​ផល​នៃ​ស្រុក​នោះ​ផង

27 គេ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​នែ ផល​របស់​ស្រុក​នោះ

28 ប៉ុន្តែ​មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង ១​ទៀត​យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​អ័ណាក់ នៅ​ស្រុក​នោះ​ដែរ

29 សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។

30 ឯ​កាលែប លោក​ឲ្យ​បណ្តា‌ជន​នៅ​ស្ងៀម​ចំពោះ​មុខ​ម៉ូសេ រួច​និយាយ​ថា ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំ​ខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល

31 ប៉ុន្តែ​មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា​មួយ​គ្នា គេ​ប្រកែក​ថា យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់

32 អ្នក​ទាំង​នោះ​ក៏​បង្ក‌បង្កើត​រឿង​អាក្រក់​ពី​ស្រុក ដែល​គេ​បាន​សង្កេត​មើល​នោះ ដោយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ហើយ​សង្កេត​មើល​នោះ ជា​ស្រុក​ដែល​បង្ហិន‌បង្ហោច​ដល់​ពួក​អ្នក ដែល​អាស្រ័យ​នៅ ឯ​មនុស្ស​ដែល​យើង​ឃើញ​ទាំង​ប៉ុន្មាន ក៏​សុទ្ធ​តែ​មាន​មាឌ​ធំៗ

33 នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សំបើម គឺ​ជា​កូន​ចៅ​អ័ណាក់ ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សំបើម យើង​មើល​ទៅ​ខ្លួន​យើង​ដូច​ជា​កណ្តូប ទោះ​បើ​នៅ​ភ្នែក​គេ​ក៏​ដូច្នោះ​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36