1 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
2 ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែល រួចទទួលយកដំបងពីគេ គឺដំបងមួយៗពីគ្រប់ទាំងវង្សានុវង្ស របស់ពួកអយ្យកោគេ ត្រូវយកពីពួកអ្នកដែលជាកំពូលលើគេ តាមវង្សានុវង្សនៃពួកអយ្យកោគេរៀងខ្លួន ឲ្យបានដំបង១២ ហើយសរសេរឈ្មោះរបស់គេរៀងខ្លួន នៅភ្ជាប់នឹងដំបងនីមួយៗ
3 តែត្រូវសរសេរឈ្មោះអើរ៉ុន ភ្ជាប់នៅដំបងរបស់ពួកលេវីវិញ ដ្បិតត្រូវឲ្យមានដំបង១ សំរាប់គ្រប់ទាំងមេនៃពួកវង្សអយ្យកោគេ
4 រួចត្រូវដាក់ដំបងទាំងនោះទុកក្នុងត្រសាលជំនុំ នៅចំពោះមុខនៃសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលអញតែងជួបនឹងឯង
5 ឯដំបងរបស់អ្នកណាដែលអញបានរើស នោះនឹងបានប៉ិចឡើង ហើយយ៉ាងនោះអញនឹងបំបាត់សេចក្ដីរទូរទាំរបស់ពួកកូនចៅអ៊ីស្រាអែល ដែលគេចេះតែរទូរទាំទាស់នឹងឯង ឲ្យបាត់ចេញពីមុខអញទៅ។
6 ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល រួចអស់ទាំងអ្នក ដែលជាកំពូលលើគេ ក៏ប្រគល់ដំបង១ម្នាក់មកលោករៀងខ្លួន តាមពួកវង្សានុវង្សនៃពួកអយ្យកោគេ គឺជាដំបងទាំងអស់១២ ហើយដំបងរបស់អើរ៉ុនក៏នៅជាមួយនឹងដំបងគេដែរ
7 រួចម៉ូសេដាក់ដំបងទាំងនោះទុកនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។
8 លុះថ្ងៃស្អែកឡើង កាលម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសំរាប់ពួកវង្សលេវី មានពក ហើយប៉ិចឡើង រួចបែកចេញជាផ្កា ហើយបង្កើតបានផ្លែចំបក់ទុំ
9 ម៉ូសេក៏យកដំបងទាំងនោះពីចំពោះព្រះយេហូវ៉ាចេញមកឯពួកកូនចៅអ៊ីស្រាអែល គេក៏មើល ហើយបានយកដំបងរបស់គេរៀងខ្លួនទៅ
10 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរដាក់ដំបងរបស់អើរ៉ុន នៅចំពោះមុខនៃសេចក្ដីបន្ទាល់វិញទៅ ទុកជាទីសំគាល់ទាស់នឹងពួកអ្នកដែលចង់បះបោរ ដើម្បីឲ្យសេចក្ដីរទូរទាំរបស់គេ បានផុតចេញពីមុខអញទៅ ក្រែងលោគេត្រូវស្លាប់
11 នោះម៉ូសេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក លោកបានធ្វើសំរេចតាមនោះ។
12 ពួកកូនចៅអ៊ីស្រាអែល ក៏ពោលចំពោះម៉ូសេថា មើល យើងរាល់គ្នាស្លាប់ យើងវិនាសហើយ យើងទាំងអស់គ្នាត្រូវវិនាស
13 ដ្បិតអស់អ្នកណាដែលចូលទៅជិតរោងឧបោសថផងព្រះយេហូវ៉ា នោះក៏ត្រូវស្លាប់ ដូច្នេះ តើត្រូវឲ្យយើងទាំងអស់គ្នាវិនាសទៅឬអី។