1 រីឯពួកមេ ជាឪពុកលើអស់ទាំងគ្រួនៃកូនចៅកាឡាត ជាកូនម៉ាគារ ដែលជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួនៃកូនចៅយ៉ូសែបទាំងប៉ុន្មាន គេក៏ចូលមកជំរាបចំពោះមុខម៉ូសេ និងពួកអ្នកដែលជាកំពូល ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា
2 ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម្ចាស់យើងខ្ញុំ ឲ្យចែកស្រុកជាមរដកដល់ពួកកូនចៅអ៊ីស្រាអែល ដោយចាប់ឆ្នោត ហើយលោកម្ចាស់យើងខ្ញុំក៏បានទទួលបង្គាប់ព្រះយេហូវ៉ា និងចែកមរដករបស់ស្លូផិហាត ជាបងប្អូនយើងខ្ញុំ ដល់ពួកកូនស្រីគាត់
3 ដូច្នេះ បើសិនជាស្ត្រីទាំងនោះយកប្ដីពីពួកប្រុសៗ ក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាទៀត នោះមរដករបស់គេ នឹងត្រូវហូតចេញពីមរដករបស់ពួកអយ្យកោយើងខ្ញុំ ទៅថែមបញ្ចូលនឹងមរដករបស់ពូជអំបូរណាមួយ ដែលគេចូលនោះវិញ យ៉ាងនោះមរដកគេនឹងត្រូវដកចេញ ពីចំណែកមរដករបស់យើងខ្ញុំហើយ
4 រួចដល់ឆ្នាំសោមនស្សនៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេ នឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនឹងត្រូវដកចេញ ពីមរដករបស់ពួកអយ្យកោនៃពូជអំបូរយើងខ្ញុំទៅ។
5 នោះម៉ូសេលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមបង្គាប់នៃព្រះយេហូវ៉ាថា ពូជអំបូរនៃកូនចៅយ៉ូសែបគេបាននិយាយត្រូវ
6 នេះជាសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់បង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត គឺថា ឲ្យគេយកប្ដីណា ដែលគេចូលចិត្តចុះ ប៉ុន្តែត្រូវយកក្នុងគ្រួសារនៃពូជអំបូររបស់អយ្យកោខ្លួន
7 យ៉ាងនោះ មរដករបស់ពួកកូនចៅអ៊ីស្រាអែល និងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ដ្បិតត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលនៅជាប់នឹងមរដករបស់ពូជអំបូរ នៃពួកអយ្យកោគេរៀងខ្លួន
8 ហើយគ្រប់ទាំងកូនស្រីណា ដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្ដីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកអយ្យកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែល បានស៊ីមរដករបស់ពួកអយ្យកោគេរៀងខ្លួន
9 ដូច្នេះ មរដកណាមួយ នឹងមិនត្រូវរើចេញ ពីពូជអំបូរ១ ទៅពូជអំបូរ១ទៀតឡើយ ពីព្រោះត្រូវឲ្យពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែល នៅជាប់នឹងមរដករបស់គេរៀងខ្លួន។
10 នោះពួកកូនស្រីស្លូផិហាត ក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
11 ដ្បិតម័សឡា ធើសា ហុកឡា មីលកា និងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្ដីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា
12 គេបានយកប្ដីចូលជាតិក្នុងគ្រួសារពួកកូនចៅម៉ាន៉ាសេ ជាកូនយ៉ូសែប ហើយមរដករបស់គេ ក៏បាននៅជាប់ ក្នុងពូជអំបូររបស់គ្រួឪពុកគេតទៅ។
13 នេះហើយជាសេចក្ដីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ។:៚