1 រីឯពួកអ៊ីស្រាអែលគេនៅស្រុកស៊ីទីម ហើយបណ្តាជនចាប់តាំងសហាយស្មន់ នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់
2 ដ្បិតពួកនោះបានហៅបណ្តាជន ទៅឯការថ្វាយយញ្ញបូជាដល់ព្រះរបស់គេ ហើយសាសន៍អ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះនៃសាសន៍ម៉ូអាប់នោះដែរ
3 គេចូលពួកខាងព្រះបាល-ពេអរ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏ឆួលឡើងទាស់នឹងគេ
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរចាប់យកពួកមេនៃបណ្តាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីឲ្យសេចក្ដីខ្ញាល់ក្តៅរបស់ទ្រង់បានបែរពីពួកអ៊ីស្រាអែលចេញ
5 នោះម៉ូសេក៏ប្រាប់ដល់ពួកចៅក្រមនៃពួកអ៊ីស្រាអែលថា ចូរអ្នករាល់គ្នាសំឡាប់ពួករបស់ខ្លួន ដែលចូលពួកខាងព្រះបាល-ពេអរចេញទៅ។
6 ខណៈនោះ មានពួកកូនចៅសាសន៍អ៊ីស្រាអែលម្នាក់ នាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកឯបងប្អូនខ្លួន នៅចំពោះមុខម៉ូសេ និងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ដែលកំពុងយំ នៅមាត់ទ្វារត្រសាលជំនុំ
7 កាលភីនេហាស ជាកូនអេលាសារ ដែលជាកូនអើរ៉ុន ដ៏ជាសង្ឃ បានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ
8 ចូលទៅក្នុងត្រសាលតាមក្រោយអ្នកនោះ ហើយក៏ចាក់ទំលុះអ្នកទាំង២នោះទៅ គឺទាំងប្រុសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះផង ត្រូវត្រង់ពោះនាង នោះសេចក្ដីវេទនាបានបាត់ពីពួកកូនចៅអ៊ីស្រាអែលទៅ
9 ឯអស់អ្នកដែលបានស្លាប់ក្នុងសេចក្ដីវេទនានោះ មានចំនួន២ម៉ឺន៤ពាន់នាក់។
10 រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
11 ភីនេហាសជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ លោកបានបំបែកសេចក្ដីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្ដីឈឺឆ្អាលជំនួសអញ ប្រយោជន៍កុំឲ្យអញបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់អញឡើយ
12 ដូច្នេះចូរប្រាប់ថា អញតាំងសេចក្ដីសញ្ញារបស់អញ ឲ្យបានមេត្រីនឹងលោកហើយ
13 គឺជាសេចក្ដីសញ្ញា ឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សំរាប់លោក និងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។
14 រីឯមនុស្សសាសន៍អ៊ីស្រាអែល ដែលត្រូវស្លាប់ជាមួយនឹងស្ត្រីសាសន៍ម៉ាឌាននោះ គឺឈ្មោះស៊ីមរី ជាកូនសាលូវ ដែលជាកំពូលលើវង្សានុវង្សរបស់ឪពុក១ក្នុងពូជអំបូរស៊ីម្មាន
15 ហើយស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវស្លាប់នោះ គឺឈ្មោះកូសប៊ី ជាកូនស៊ើ ដែលជាមេលើពួកវង្សនៃឪពុក១ក្នុងសាសន៍ម៉ាឌាន។
16 ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេថា
17 ចូរធ្វើទុក្ខដល់សាសន៍ម៉ាឌាន ហើយវាយគេចុះ
18 ដ្បិតគេធ្វើទុក្ខឯងរាល់គ្នាដោយឧបាយកល ដែលគេមកល្បួងលួងលោមឯងពីដំណើរពេអរនោះ ហើយពីដំណើរនាងកូសប៊ី ជាកូននៃអ្នក១ ដែលជាកំពូលលើសាសន៍ម៉ាឌាន ជាអ្នកដែលត្រូវស្លាប់នៅថ្ងៃមានសេចក្ដីវេទនា ដោយព្រោះរឿងពេអរនោះ។