1 ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ គេមានហ្វូងសត្វសន្ធឹកណាស់ ដូច្នេះកាលគេបានឃើញស្រុកយ៉ាស៊ើរ និងស្រុកកាឡាត ថាជាស្រុកស្រួលល្មមឲ្យចិញ្ចឹមហ្វូងសត្វបាន
2 នោះគេក៏មកជំរាបដល់ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ព្រមទាំងពួកដែលជាកំពូលលើពួកជំនុំថា
3 ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយបេអុន
4 គឺស្រុកនេះឯងដែលព្រះយេហូវ៉ាបានវាយ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែល ជាស្រុកស្រួលល្មមនឹងចិញ្ចឹមហ្វូងសត្វបាន ឯយើងខ្ញុំប្របាទជាអ្នកមានហ្វូងសត្វហើយ
5 ដូច្នេះបើយើងខ្ញុំបានប្រកបដោយគុណនៃលោក នោះសូមប្រគល់ស្រុកនេះឲ្យបានជាកេរអាករដល់យើងខ្ញុំប្របាទផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់នេះទៅឡើយ។
6 ម៉ូសេលោកឆ្លើយទៅពួកកូនចៅកាឌ់ និងពួកកូនចៅរូបេនថា តើត្រូវឲ្យបងប្អូនឯងរាល់គ្នាទៅច្បាំង ហើយឯងរាល់គ្នាអង្គុយព្រងើយនៅទីនេះវិញឬអី
7 ម្តេចក៏ឯងរាល់គ្នាចង់រំសាយចិត្តនៃពួកកូនចៅអ៊ីស្រាអែល មិនឲ្យគេឆ្លងទៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានឲ្យគេដូច្នេះ
8 ពួកឪពុកឯងរាល់គ្នាក៏បានធ្វើដូច្នេះដែរ ក្នុងកាលដែលអញចាត់គេ ពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ
9 ដ្បិតកាលគេបានឡើងទៅដល់ជ្រោះអែសកុលឃើញស្រុកនោះហើយ នោះគេបានរំសាយចិត្តពួកកូនចៅអ៊ីស្រាអែលវិញ ដើម្បីកុំឲ្យចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យ
10 ហើយនៅថ្ងៃនោះឯង សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើង ទ្រង់ក៏ស្បថថា
11 ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយ នឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់ចំពូក
12 លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ និងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់ចំពូក
13 ដូច្នេះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយទ្រង់បានធ្វើឲ្យគេដើរវីមវាមនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែដំណមនុស្ស ដែលបានប្រព្រឹត្តអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសទាំងអស់ទៅ
14 ហើយមើល ឯងរាល់គ្នាបានកើតឡើង ជាដំណាងនៃឪពុកឯង ជាពួកមនុស្សមានបាប ដែលចំរើនកាន់តែច្រើនឡើង ចង់តែបន្ថែមសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា ឲ្យរឹងរឹតតែក្តៅឡើង ទាស់នឹងសាសន៍អ៊ីស្រាអែលទៅទៀត
15 ដ្បិតបើឯងរាល់គ្នាបែរចេញពីទ្រង់ នោះទ្រង់នឹងទុកឯងចោលនៅទីរហោស្ថានតទៅ ហើយឯងរាល់គ្នានឹងធ្វើឲ្យបណ្តាជនទាំងនេះត្រូវវិនាសបង់។
16 តែគេចូលទៅជិតជំរាបលោកថា យើងខ្ញុំនឹងធ្វើក្រោល សំរាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយនឹងទីក្រុងសំរាប់កូនចៅយើងខ្ញុំ
17 តែខ្លួនយើងខ្ញុំនឹងមានគ្រឿងប្រុងជាស្រេច ដើម្បីនឹងជូនមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបាននាំគេ រហូតទៅដល់ទីកន្លែងរបស់គេ ឯកូនចៅយើងខ្ញុំ គេនឹងនៅក្នុងទីក្រុងមានកំផែង ដោយខ្លាចដល់មនុស្សនៅស្រុកនេះ
18 យើងខ្ញុំមិនត្រឡប់មកឯផ្ទះយើងខ្ញុំវិញទេ ដរាបដល់ពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់គេរៀងខ្លួន
19 ដ្បិតយើងខ្ញុំរាល់គ្នានឹងមិនស៊ីមរដកជាមួយនឹងគេ នៅត្រើយទន្លេយ័រដាន់ម្ខាងទៀតទេ ពីព្រោះមរដករបស់ផងយើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតនេះហើយ។
20 រួចម៉ូសេលោកឆ្លើយឡើងថា បើឯងរាល់គ្នាធ្វើយ៉ាងនោះ គឺបើឯងនឹងយកគ្រឿងចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា
21 ហើយពួកឯងគ្រប់គ្នា ដែលមានគ្រឿងចំបាំង នឹងឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា ដរាបដល់ទ្រង់បានបណ្តេញពួកខ្មាំងសត្រូវ ពីចំពោះទ្រង់ចេញ
22 គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់ នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា
23 តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់
24 ចូរសង់ទីក្រុងសំរាប់កូនចៅឯង ហើយនឹងក្រោលសំរាប់ហ្វូងសត្វផង ឲ្យធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលចេញពីមាត់ឯងនោះចុះ
25 នោះពួកកូនចៅកាឌ់ និងកូនចៅរូបេនក៏ឆ្លើយឡើងថា យើងខ្ញុំប្របាទនឹងធ្វើដូចជាលោកម្ចាស់បង្គាប់មក
26 ប្រពន្ធកូន ហើយនឹងហ្វូងគោហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន និងនៅក្នុងអស់ទាំងទីក្រុង នៃស្រុកកាឡាតនេះ
27 តែយើងខ្ញុំប្របាទដែលមានគ្រឿងចំបាំងរៀបជាស្រេច យើងខ្ញុំនឹងឆ្លងទៅនៅចំពោះព្រះយេហូវ៉ា ដូចជាលោកម្ចាស់បានបង្គាប់មក។
28 ដូច្នេះ ម៉ូសេក៏បង្គាប់ដល់អេលាសារ ដ៏ជាសង្ឃ និងយ៉ូស្វេ ជាកូននុន ព្រមទាំងពួកមេលើវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ពីដំណើរគេ
29 លោកប្រាប់អ្នកទាំងនោះថា បើសិនជាពួកកូនចៅកាឌ់នឹងពួកកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយនឹងឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាមានគ្រឿងចំបាំងប្រុងជាស្រេច ដូច្នេះ កាលណាស្រុកនោះបានចុះចាញ់នៅមុខឯងរាល់គ្នាហើយ នោះត្រូវចែកស្រុកកាឡាតនេះឲ្យដល់គេ ទុកជាកេរអាករចុះ
30 តែបើគេមិនឆ្លងទៅជាមួយដោយមានគ្រឿងចំបាំងប្រុងជាស្រេចទេ នោះគេត្រូវបានកេរអាករ នៅកណ្តាលឯងរាល់គ្នា ក្នុងស្រុកកាណានវិញ
31 ពួកកូនចៅកាឌ់ និងកូនចៅរូបេនក៏ឆ្លើយឡើងថា សេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកយើងខ្ញុំប្របាទ នោះយើងខ្ញុំនឹងធ្វើតាម
32 យើងខ្ញុំនឹងឆ្លងទៅ ទាំងមានគ្រឿងសស្ត្រាវុធនៅដៃចូលទៅក្នុងស្រុកកាណាន នៅចំពោះព្រះយេហូវ៉ា តែកេរអាករជាមរដករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ។
33 ម៉ូសេ លោកក៏ឲ្យនគររបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងនគររបស់អុក ជាស្តេចបាសាន គឺស្រុកទាំងមូល តាមចំនួនទីក្រុងគេ រហូតដល់ព្រំប្រទល់ ព្រមទាំងទីក្រុង នៅព័ទ្ធជុំវិញទាំងប៉ុន្មាន ដល់ពួកកូនចៅកាឌ់ និងពួកកូនចៅរូបេន ហើយដល់១ចំហៀងនៃពូជអំបូរម៉ាន៉ាសេ ជាកូនយ៉ូសែប
34 នោះពួកកូនចៅកាឌ់ក៏សង់ទីក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ
35 អាត្រូត-សូផាន យ៉ាស៊ើ យ៉ុកបិហា
36 បេត-នីមរ៉ា ហើយនឹងបេត-ហារ៉ាន សុទ្ធតែជាទីក្រុងមានកំផែង ព្រមទាំងធ្វើក្រោលសំរាប់ហ្វូងសត្វគេផង
37 ហើយពួកកូនចៅរូបេន គេក៏សង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម
38 នេបូរ បាល-មេយ៉ូន (ឯទីក្រុងទាំងនោះ គេបានផ្លាស់ឈ្មោះចេញ) ហើយស៊ីបម៉ាផង គេដាក់ឈ្មោះជាថ្មីដល់ទីក្រុងទាំងប៉ុន្មាន ដែលគេបានសង់ឡើងវិញនោះ
39 រីឯពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គេក៏ទៅវាយយកស្រុកកាឡាត ព្រមទាំងកំចាត់សាសន៍អាម៉ូរី ដែលនៅស្រុកនោះចេញ
40 ដូច្នេះ ម៉ូសេក៏ឲ្យស្រុកកាឡាត ទៅម៉ាគារជាកូនម៉ាន៉ាសេ ហើយគាត់តាំងទីលំនៅស្រុកនោះទៅ
41 ឯយ៉ាអ៊ារ ជាកូនម៉ាន៉ាសេ គាត់ក៏ទៅវាយយកអស់ទាំងភូមិនៅស្រុកនោះ ហើយគាត់ហៅភូមិទាំងនោះថា ហាវ៉ុត-យ៉ាអ៊ារ
42 ចំណែកណូបាស ក៏ទៅវាយយកក្រុងកេណាត ព្រមទាំងតំបន់របស់ទីក្រុងនោះទាំងប៉ុន្មាន ហើយដាក់ឈ្មោះថា ក្រុងណូបាស តាមឈ្មោះរបស់ខ្លួន។