ជនគណនា 8 KHOV

របៀប​តម្កល់​ចង្កៀង

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2 ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា កាល​ណា​ឯង​អុជ​ចង្កៀង​ទាំង​៧ នោះ​ត្រូវ​ឲ្យ​ភ្លឺ​ទៅ​ខាង​មុខ​ជើង​ចង្កៀង

3 អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ លោក​អុជ​ចង្កៀង​ទាំង​៧ ឲ្យ​មាន​ពន្លឺ​ទៅ​ខាង​មុខ​ជើង​ចង្កៀង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

4 ឯ​របៀប​ធ្វើ​ជើង​ចង្កៀង​នោះ​គឺ​ធ្វើ​ពី​មាស មាន​រចនា​ក្បាច់ ចាប់​តាំង​ពី​គល់​រហូត​ដល់​ផ្កា​សុទ្ធ​តែ​ជា​វិចិត្រ ដោយ​ក្បាច់​ទាំង​អស់ តាម​គំរូ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​មក​ម៉ូសេ លោក​ក៏​ធ្វើ​ជើង​ចង្កៀង​យ៉ាង​ដូច្នោះ។

ពិធី​តែង‌តាំង​ពួក​លេវី

5 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

6 ចូរ​យក​ពួក​លេវី​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ញែក​គេ​ចេញ​ជា​ស្អាត

7 គឺ​ត្រូវ​ឲ្យ​សំអាត​គេ​យ៉ាង​ដូច្នេះ ត្រូវ​ប្រោះ​ទឹក​សំអាត​បាបទៅ​លើ​គេ រួច​ឲ្យ​គេ​កោរ​សក់ និង​រោម​នៅ​ខ្លួន​ចេញ​ទាំង​អស់ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់ ហើយ​សំអាត​ខ្លួន​ផង

8 រួច​ត្រូវ​ឲ្យ​គេ​យក​គោ​ឈ្មោល​ស្ទាវ​១ ព្រម​ទាំង​ដង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង ហើយ​យក​គោ​ឈ្មោល​ស្ទាវ​១​ទៀត សំរាប់​ជា​ដង្វាយ​លោះ​បាប

9 រួច​ត្រូវ​នាំ​ពួក​លេវី​មក​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​មក

10 នោះ​ត្រូវ​នាំ​ពួក​លេវី​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដាក់​ដៃ​លើ​គេ

11 រួច​ត្រូវ​ឲ្យ​អើរ៉ុន​ថ្វាយ​ពួក​លេវី ទុក​ជា​ដង្វាយ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា

12 នោះ​ត្រូវ​ឲ្យ​ពួក​លេវី​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​២​នោះ ហើយ​ត្រូវ​ឲ្យ​ឯង ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប និង​១​ទៀត​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ធួន​នឹង​ពួក​លេវី

13 រួច​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​លេវី​ទៅ​ឈរ​នៅ​មុខ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ថ្វាយ​គេ​ទុក​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា

14 គឺ​យ៉ាង​នោះ​ហើយ ដែល​ត្រូវ​ឲ្យ​ឯង​ញែក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​បាន​ជា​របស់​ផង​អញ

15 ក្រោយ​នោះ​មក គេ​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​សំអាត​គេ ហើយ​ថ្វាយ​គេ​ជា​ដង្វាយ​ចុះ

16 ដ្បិត​បាន​ថ្វាយ​គេ​មក​ដាច់​ជា​របស់​ផង​អញ ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ អញ​ក៏​បាន​ទទួល​គេ​ស្នង​អស់​ទាំង​កូន ដែល​កើត​ពី​ពោះ​ម្តាយ​មុន​គេ​បង្អស់ គឺ​ស្នង​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

17 ដ្បិត​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​របស់​ផង​អញ ទោះ​ទាំង​មនុស្ស​ទាំង​សត្វ​ផង គឺ​នៅ​ថ្ងៃ​ដែល​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​គេ​ចេញ ទុក​សំរាប់​អញ​ហើយ

18 តែ​អញ​បាន​យក​ពួក​លេវី ស្នង​អស់​ទាំង​កូន​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ

19 ហើយ​បាន​យក​ពួក​លេវី ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដល់​អើរ៉ុន និង​ពួក​កូន​លោក ដើម្បី​នឹង​ទទួល​ក្រសួង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក្នុង​ត្រសាល​ជំនុំ ហើយ​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង ដើម្បី​កុំ​ឲ្យ​គេ​កើត​មាន​សេចក្ដី​វេទនា​ណា ក្នុង​កាល​ដែល​គេ​ចូល​ទៅ​ជិត​ទី​បរិសុទ្ធ​នោះ​ឡើយ។

20 ឯ​ម៉ូសេ និង​អើរ៉ុន ហើយ​ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ធ្វើ​ដល់​ពួក​លេវី តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពី​ដំណើរ​គេ គឺ​បាន​ធ្វើ​សំរេច​តាម​បង្គាប់​នោះ​ឯង

21 ពួក​លេវី​គេ​សំអាត​ខ្លួន ព្រម​ទាំង​បោក​សំលៀក‌បំពាក់​របស់​គេ​ផង រួច​អើរ៉ុន​ក៏​ថ្វាយ​គេ​ជា​ដង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​ធ្វើ​ឲ្យ​ធួន​នឹង​គេ ដើម្បី​ឲ្យ​គេ​បាន​ស្អាត

22 ក្រោយ​នោះ​មក ពួក​លេវី​ក៏​ចូល​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ក្នុង​ត្រសាល​ជំនុំ នៅ​មុខ​អើរ៉ុន និង​ពួក​កូន​លោក ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពី​ដំណើរ​គេ គឺ​បាន​ធ្វើ​សំរេច​ដល់​គេ​យ៉ាង​ដូច្នោះ។

23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

24 នេះ​ជា​ក្រសួង​របស់​ពួក​លេវី គឺ​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ចាប់​តាំង​ពី​អាយុ​២៥​ឆ្នាំ​ឡើង​ទៅ​លើ

25 ដល់​អាយុ​៥០​ឆ្នាំ នោះ​ត្រូវ​ឲ្យ​គេ​ឈប់​ពី​ក្រសួង​របស់​គេ​ចេញ មិន​ត្រូវ​ធ្វើ​ការ‌ងារ​នោះ​ទៀត​ឡើយ

26 គេ​នឹង​គ្រាន់​តែ​ជួយ​បង​ប្អូន​គេ នៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​រក្សា​បញ្ញើ​ប៉ុណ្ណោះ តែ​មិន​ធ្វើ​ការ‌ងារ​ទេ គឺ​យ៉ាង​នោះ​ហើយ​ដែល​ឯង​ត្រូវ​ដំរូវ​ការ‌ងារ​ដល់​ពួក​លេវី។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36