ជនគណនា 28 KHOV

យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នៅ​វេលា​កំណត់ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​នឹង​ថ្វាយ​ដង្វាយ​ដល់​អញ គឺ​ជា​អាហារ​របស់​អញ ដែល​សំរាប់​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​អញ។

3 ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ទៀត​ថា នេះ​ជា​ដង្វាយ​ដុត​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​រាល់​តែ​ថ្ងៃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​ដង្វាយ​ដុត​ជានិច្ច

4 ឯ​កូន​ចៀម​១ ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក ហើយ​១​ទៀត​នៅ​ពេល​ល្ងាច

5 ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង​យ៉ាង​សំរាំង​២​កំប៉ុង ទុក​ជា​ដង្វាយ​ម្សៅ

6 នេះ​ជា​ដង្វាយ​ដុត​ជានិច្ច ដែល​បាន​ចាប់​តាំង​ថ្វាយ​នៅ​ភ្នំ​ស៊ី‌ណាយ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

7 ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ច្រួច​ផង គឺ​ជា​២​កំប៉ុង​សំរាប់​កូន​ចៀម​១ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ

8 ឯ​កូន​ចៀម​១​ទៀត នោះ​ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច ដូច​ជា​នៅ​ពេល​ព្រឹក​ដែរ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

យញ្ញ‌បូជា​នៅ​ថ្ងៃ​ឈប់​សំរាក

9 នៅ​ថ្ងៃ​ឈប់​សំរាក ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង និង​ដង្វាយ​ច្រួច​ផង

10 នេះ​ជា​ដង្វាយ​ដុត ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក លើស​ពី​ដង្វាយ​ដុត​ដែល​តែង‌តែ​ថ្វាយ​ជានិច្ច ព្រម​ទាំង​ដង្វាយ​ច្រួច​នោះ​ផង។

11 ហើយ​នៅ​រាល់​តែ​ថ្ងៃ​ដើម​ខែ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​ឥត​ខ្ចោះ​អាយុ​១​ខួប

12 ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​គោ​១ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​ចៀម​ឈ្មោល​១

13 ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​មួយ​នឹង​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

14 ហើយ​នឹង​ដង្វាយ​ច្រួច​ផង គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​៤​កំប៉ុង សំរាប់​គោ​១ និង​៣​កំប៉ុង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​២​កំប៉ុង​សំរាប់​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ រាល់​តែ​ខែ​ក្នុង​ឆ្នាំ​ជានិច្ច

15 ហើយ​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ដង្វាយ​លោះ​បាប លើស​ពី​ដង្វាយ ដែល​តែង​ដុត​ថ្វាយ​ជានិច្ច និង​ដង្វាយ​ច្រួច​នោះ​ផង។

យញ្ញ‌បូជា​សំរាប់​ពិធី​បុណ្យ​រំលង

16 លុះ​ដល់​១៤​ខែ​ចេត្រ នោះ​គឺ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះ‌យេហូវ៉ា

17 ដល់​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ជា​ថ្ងៃ​បុណ្យ​ដែរ ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​ឥត​ដំបែរ​អស់​៧​ថ្ងៃ

18 នៅ​ថ្ងៃ​ដំបូង​នោះ​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ

19 ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​អាយុ​១​ខួប សុទ្ធ​តែ​ជា​សត្វ​ឥត​មាន​ខ្ចោះ

20 ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​គោ​១ ហើយ​២​ខ្ញឹង សំរាប់​ចៀម​ឈ្មោល​១

21 និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ​ក្នុង​កូន​ចៀម​ទាំង​៧​នោះ

22 ហើយ​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា

23 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ទាំង​នេះ ឲ្យ​លើស​ពី​ដង្វាយ​ដុត​ពេល​ព្រឹក ជា​ដង្វាយ​ដែល​តែង​ថ្វាយ​ជានិច្ច

24 គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌ស្ងោយ ដែល​ជា​ដង្វាយ​ដុត​រាល់​តែ​ថ្ងៃ​ក្នុង​៧​ថ្ងៃ​នោះ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច ហើយ​នឹង​ដង្វាយ​ច្រួច​នោះ​ផង

25 លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក‌ស៊ី​អ្វី​ឲ្យ​សោះ។

យញ្ញ‌បូជា​សំរាប់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប

26 មួយ​ទៀត នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ម្សៅ​ថ្មី​ដល់​ព្រះ‌យេហូវ៉ា ក្នុង​វេលា​បុណ្យ​អាទិត្យ​ទី​៧ នោះ​ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ

27 ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ អាយុ​១​ខួប

28 ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង គឺ​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​ដោយ​ប្រេង សំរាប់​គោ​ឈ្មោល​១ ២​ខ្ញឹង​សំរាប់​ចៀម​ឈ្មោល​១

29 និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ​ក្នុង​កូន​ចៀម​ទាំង​៧​នោះ

30 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា

31 ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ទាំង​នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជានិច្ច ហើយ​នឹង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ផង សត្វ​ទាំង​នោះ​ត្រូវ​តែ​បាន​ឥត​ខ្ចោះ​ទាំង​អស់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36