36 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
37 ចូរប្រាប់ដល់អេលាសារ ជាកូនអើរ៉ុនដ៏ជាសង្ឃ ឲ្យរើសពានទាំងនោះពីក្នុងភ្លើងមក ហើយឲ្យវាចភ្លើងទៅខាងនោះទៅ ដ្បិតពានទាំងនោះជារបស់បរិសុទ្ធ
38 ត្រូវឲ្យយកពានទាំងប៉ុន្មានរបស់មនុស្ស ដែលបានធ្វើបាបមានទោសដល់ស្លាប់នោះ ទៅផែធ្វើជាបន្ទះ សំរាប់នឹងប៉ានភ្ជាប់នឹងអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ាហើយ ដូច្នេះជារបស់បរិសុទ្ធ ក៏នឹងបានជាទីសំគាល់ដល់ពួកកូនចៅអ៊ីស្រាអែល
39 នោះអេលាសារដ៏ជាសង្ឃក៏រើសយកពានលង្ហិនទាំងប៉ុន្មាន ដែលពួកអ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកផែសំរាប់នឹងប៉ានអាសនា
40 ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនឹងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
41 លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនថា លោកបានសំឡាប់ពួកជននៃព្រះយេហូវ៉ា
42 តែកាលពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនដូច្នេះ នោះគេក្រឡេកមើលទៅខាងត្រសាលជំនុំ ឃើញពពកមកគ្របលើត្រសាល ហើយសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរ