ជនគណនា 22:34-40 KHOV

34 នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា ទូល‌បង្គំ​បាន​ធ្វើ​បាប​ហើយ ពី​ព្រោះ​ទូល‌បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូល‌បង្គំ​ទេ ដូច្នេះ​បើ​ដំណើរ​នេះ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​ត្រឡប់​ទៅ​វិញ​ឥឡូវ

35 តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​និយាយ​តែ​ពាក្យ​ដែល​អញ​ប្រាប់​ដល់​ឯង​ប៉ុណ្ណោះ ដូច្នេះ បាឡាម​ក៏​ទៅ​ជា​មួយ​នឹង​ពួក​មេ​របស់​បាឡាក​ទៅ។

36 កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ នោះ​ទ្រង់​ក៏​ចេញ​ទៅ​ទទួល​ដល់​ទី​ក្រុង​១​នៃ​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ព្រំ‌ដែន​ឆ្ងាយ​បំផុត

37 បាឡាក​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា តើ​អញ​មិន​បាន​ចាត់​គេ ឲ្យ​ទៅ​ហៅ​ឯង​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​មក​ឯ​អញ តើ​អញ​មិន​អាច​នឹង​លើក​ឯង​ឲ្យ​បាន​ជា​ធំ​ទេ​ឬ​អី

38 បាឡាម​ក៏​ទូល​តប​ថា មើល ទូល‌បង្គំ​បាន​មក​ដល់​ទ្រង់​ហើយ តែ​ឥឡូវ​នេះ តើ​ទូល‌បង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន ឯ​ពាក្យ​ណា​ដែល​ព្រះ​ទ្រង់​សំរេច​នៅ​មាត់​ទូល‌បង្គំ គឺ​ពាក្យ​នោះ​ដែល​ទូល‌បង្គំ​នឹង​និយាយ​វិញ

39 រួច​បាឡាម​ក៏​ទៅ​ជា​មួយ​នឹង​បាឡាក ដល់​ទៅ​គារយ៉ាត់-ហាសូត

40 នោះ​បាឡាក​ទ្រង់​ថ្វាយ​គោ និង​ចៀម​ជា​យញ្ញ‌បូជា រួច​ផ្ញើ​ទៅ​ឲ្យ​បាឡាម និង​ពួក​មេ​ដែល​នៅ​ជា​មួយ​នឹង​គាត់។