16 ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលស្គាល់គំនិតនៃព្រះដ៏ខ្ពស់បំផុត ហើយជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តាក្នុងការជាក់ស្តែង ព្រមទាំងក្រាបចុះដោយមានភ្នែកបើកឡើង
17 ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្ដីវឹកវរ
18 នោះស្រុកអេដំមនឹងត្រឡប់ទៅជាកេរអាកររបស់ផងគេ ហើយស្រុកសៀរដែលជាខ្មាំងសត្រូវគេ នោះនឹងត្រឡប់ទៅជារបស់ផងគេដែរ គឺសាសន៍អ៊ីស្រាអែលនឹងមានជ័យជំនះ
19 ហើយនឹងមានម្នាក់កើតឡើងពីពួកយ៉ាកុប ដែលនឹងកាន់កាប់ត្រួតត្រា អ្នកនោះនឹងរំលាយអស់ទាំងសំណល់ពីទីក្រុងចេញ។
20 រួចគាត់ក្រឡេកឃើញសាសន៍អាម៉ាលេក ក៏ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា អាម៉ាលេកជាដើមចមនៃនគរទាំងអស់ តែចុងបំផុតរបស់គេ នោះនឹងត្រូវសាបសូន្យទៅ។
21 គាត់ក៏ក្រឡេកឃើញសាសន៍កែនដែរ រួចគាត់បញ្ចេញព្រះបន្ទូល ដោយពាក្យថា ទីលំនៅរបស់ឯងមាំណាស់ ឯងមានសំបុកនៅលើថ្មដា
22 ប៉ុន្តែសាសន៍កែននឹងត្រូវរោយរៀវទៅ ដរាបដល់សាសន៍អាសស៊ើរនាំទៅជាឈ្លើយ។