ជនគណនា 30 KHOV

ក្រឹត្យ‌វិន័យ​ស្តី​អំពី​បំណន់

1 រួច​ម៉ូសេ​និយាយ​នឹង​ពួក​មេ​លើ​ពូជ​អំបូរ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

2 គឺ​បើ​បុរស​ណា​បន់​ដល់​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្បថ​ភ្ជាប់​ខ្លួន​ដោយ​សម្បថ​ណា​មួយ អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​តែ​ធ្វើ​តាម​សំដី​របស់​ខ្លួន​គ្រប់​ចំពូក

3 ឯ​ស្ត្រី​វិញ បើ​កាល​ណា​បន់​ដល់​ព្រះ‌យេហូវ៉ា ទាំង​ភ្ជាប់​ខ្លួន​ដោយ‌សារ​បំណន់​នោះ កំពុង​ដែល​នៅ​ក្មេង​នៅ​ក្នុង​បន្ទុក​របស់​ឪពុក​នៅ​ឡើយ

4 ហើយ​ឪពុក​បាន​ឮ​បំណន់​នោះ និង​សេចក្ដី​ដែល​កូន​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ តែ​ឥត​មាន​ថា​អ្វី​ឲ្យ​ទេ នោះ​បំណន់​របស់​នាង​នឹង​នៅ​ជា​យ៉ាង​នោះ​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ

5 តែ​បើ​ឪពុក​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ឮ នោះ​បំណន់​របស់​នាង និង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ភ្ជាប់​ខ្លួន មិន​បាន​នៅ​ជាប់​ទៀត​ទេ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ ពី​ព្រោះ​ឪពុក​បាន​ឃាត់​ហាម។

6 បើ​នាង​មាន​ប្ដី​ក្នុង​កាល​ដែល​នៅ​ជាប់​បំណន់ ឬ​បាន​បន់​ភ្ជាប់​ខ្លួន​ដោយ​ពាក្យ​ណា​ដែល​បាន​ចេញ​ពី​មាត់​ទៅ​ឥត​បើ​គិត

7 រួច​ប្ដី​បាន​ដឹង ហើយ​ឥត​មាន​ថា​អ្វី​ឲ្យ នោះ​បំណន់​របស់​នាង​នឹង​នៅ​ជាប់​ជា​យ៉ាង​នោះ ព្រម​ទាំង​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ

8 តែ​បើ​ប្ដី​បាន​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ដឹង នោះ​គាត់​បាន​ផ្តាច់​បំណន់​នាង​ហើយ ព្រម​ទាំង​សេចក្ដី​ដែល​ចេញ​ពី​មាត់​នាង​ដោយ​ឥត​បើ​គិត​នោះ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​អត់​ទោស​ឲ្យ​នាង។

9 តែ​ឯ​សេចក្ដី​ណា​ដែល​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​នឹង​ត្រូវ​នៅ​ជាប់​ជា​ដរាប

10 បើ​នាង​នោះ​បាន​បន់​បំណន់ ឬ​ភ្ជាប់​ខ្លួន​ដោយ‌សារ​សម្បថ​ណា​មួយ ក្នុង​កាល​ដែល​នៅ​ក្នុង​បន្ទុក​ប្ដី​នៅ​ឡើយ

11 ហើយ​ប្ដី​បាន​ដឹង​តែ​មិន​បាន​ថា​អ្វី​ឲ្យ​ទេ ក៏​មិន​បាន​ឃាត់​ផង នោះ​អស់​ទាំង​បំណន់​របស់​នាង​នឹង​ត្រូវ​នៅ​ជាប់​ជា​យ៉ាង​នោះ ព្រម​ទាំង​សេចក្ដី​ណា​ដែល​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ

12 តែ​បើ​ប្ដី​នាង​បាន​ផ្តាច់​បំណន់​នោះ​ចេញ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ពី​ដំណើរ​បំណន់​នោះ ឬ​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​មិន​នៅ​ជាប់​ទៀត​ទេ ដ្បិត​ប្ដី​បាន​ផ្តាច់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ។

13 គ្រប់​ទាំង​បំណន់ ហើយ​គ្រប់​ទាំង​សម្បថ ដែល​នឹង​ស្បថ ដើម្បី​នឹង​បញ្ឈឺ​ចិត្ត​ខ្លួន នោះ​ប្ដី​នឹង​តាំង​ឲ្យ​នៅ​ជាប់ ឬ​ផ្តាច់​ចេញ​ក៏​បាន

14 បើ‌សិន​ជា​ប្ដី​មិន​មាន​ថា​អ្វី​ឲ្យ​នាង​ត​ទៅ​ទេ នោះ​គឺ​គាត់​បាន​តាំង​បំណន់​នាង​ឲ្យ​នៅ​ជាប់​ហើយ ព្រម​ទាំង​សេចក្ដី​ណា ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ទាំង​អស់​ផង គឺ​គាត់​បាន​យល់​ព្រម​នឹង​សេចក្ដី​ទាំង​នោះ​ដែរ ពី​ព្រោះ​មិន​បាន​ថា​អ្វី​ឲ្យ​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង​នោះ​ឡើយ

15 តែ​បើ​គាត់​បាន​ផ្តាច់​បំណន់​នោះ ក្នុង​កាល​ដែល​បាន​ដឹង នោះ​គាត់​ត្រូវ​រ៉ាប់រង​ចំពោះ​ទោស​របស់​នាង​វិញ។

16 នេះ​ហើយ​ជា​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ពី​ដំណើរ​ប្ដី និង​ប្រពន្ធ ហើយ​ពី​ដំណើរ​ឪពុក និង​កូន​ស្រី ដែល​នៅ​ក្មេង នៅ​ក្នុង​បន្ទុក​ឪពុក​នៅ​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36