9 អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង
10 ឯងរាល់គ្នានឹងត្រូវដួលដោយដាវ អញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែល នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
11 ទីក្រុងនេះនឹងមិនបានជាថ្លាងដល់ឯងរាល់គ្នាឡើយ ឯងរាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺអញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែលវិញ
12 នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ដ្បិតឯងរាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញសោះ ក៏មិនបានសំរេចតាមបញ្ញត្តច្បាប់របស់អញដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញឯងវិញ
13 រីឯកាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ទំលាក់ខ្លួនផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ។
14 នោះព្រះបន្ទូល នៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
15 កូនមនុស្សអើយ គឺជាបងប្អូនឯងបង្កើតទេតើ ព្រមទាំងបងប្អូនឯង ដែលជាញាតិសន្តាន និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលពួកអ្នកនៅក្រុងយេរូសាឡិមបានប្រាប់ថា ចូរថយឆ្ងាយពីព្រះយេហូវ៉ាទៅ ស្រុកនេះបានប្រគល់ដល់យើងរាល់គ្នាទុកជាកេរអាករហើយ