1 ទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរក្រោកឈរឡើង នោះអញនឹងនិយាយនឹងឯង
2 កាលទ្រង់កំពុងមានព្រះបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង រួចខ្ញុំក៏ឮព្រះអង្គដែលមានព្រះបន្ទូលមកខ្ញុំ
3 ទ្រង់មានព្រះបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេ និងពួកអយ្យកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង
4 គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ
5 ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ
6 ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនឹងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
7 ត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។
8 តែឯឯង កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលអញប្រាប់ដល់ឯងចុះ កុំឲ្យឯងមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលអញឲ្យដល់ឯង
9 រួចកាលខ្ញុំកំពុងតែមើល នោះឃើញមានដៃ១ លូកមកដល់ខ្ញុំ ក៏ឃើញក្រាំង១នៅក្នុងដៃនោះ
10 ទ្រង់ក៏បើកត្រដាងក្រាំងនោះនៅមុខខ្ញុំ នោះឃើញមានសរសេរទាំងខាងក្នុង និងខាងក្រៅផង មានកត់ទុកសុទ្ធតែជាពាក្យទំនួញ ពាក្យសោកសៅ និងសេចក្ដីវេទនាទទេ។