អេសេគាល 36 KHOV

អ៊ីស្រា‌អែល​នឹង​កាន់‌កាប់​ស្រុក​របស់​ខ្លួន​វិញ

1 កូន​មនុស្ស​អើយ ចូរ​ទាយ​ដល់​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ​ថា ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

2 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​ឯង​ថា ហាស‌ហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​ផង​យើង​ហើយ

3 ដូច្នេះ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ហេតុ​នេះ គឺ​ដោយ​ព្រោះ​តែ​គេ​បាន​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​លេប​ឯង​ចូល​នៅ​គ្រប់​ទិស ឲ្យ​ឯង​បាន​ទៅ​ជា​របស់​សាសន៍​ដែល​នៅ​សល់ ហើយ​ដោយ​ព្រោះ​ពួក​អ្នក​និយាយ​ដើម​បាន​ចាប់​តាំង​និយាយ​ពី​ឯង ហើយ​ជន​ទាំង‌ឡាយ​និយាយ​អាក្រក់​ពី​ឯង​ផង

4 ដូច្នេះ ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ ព្រម​ទាំង​ទី​ខូច​បង់ និង​ទី​ក្រុង​ដែល​គេ​ចោល​ស្ងាត់​ជា​ទី​ដែល​បាន​ត្រឡប់​ជា​រំពា ហើយ​ជា​ទី​ឡក‌ឡឺយ​ដល់​សំណល់​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំវិញ

5 គឺ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដំម​ទាំង​មូល ដែល​បាន​ដំរូវ​ស្រុក​អញ​ទុក​ជា​របស់​ផង​គេ ដោយ​សេចក្ដី​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​នឹង​បោះ‌បង់​ចោល​ចេញ​ទុក​ជា​រំពា នោះ​ពិត​ប្រាកដ​ជា​អញ​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ

6 ដូច្នេះ ចូរ​ទាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​បាន​និយាយ ដោយ​សេចក្ដី​ប្រចណ្ឌ និង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ

7 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។

8 តែ​ចំណែក​ឯង ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​ឯង ឲ្យ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ

9 ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង

10 អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដូច្នេះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ

11 អញ​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​ផង បាន​ចំរើន​ឡើង​នៅ​ក្នុង​ឯង គេ​នឹង​ចំរើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ នោះ​អញ​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​ឯង​ដូច​យ៉ាង​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

12 អើ អញ​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​ឯង គឺ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​អញ គេ​នឹង​បាន​ឯង​ជា​របស់​ផង​គេ ហើយ​ឯង​នឹង​បាន​ជា​មរដក​ដល់​គេ នោះ​ឯង​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ

13 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​ឯង​ថា ឯង​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​បំរាស​កូន​របស់​សាសន៍​ឯង

14 ដូច្នេះ ឯង​នឹង​លែង​លេប​មនុស្ស​បាត់​ត​ទៅ ក៏​មិន​បំរាស​កូន​របស់​សាសន៍​ឯង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

15 អញ​ក៏​មិន​ឲ្យ​ឯង​ឮ​ពាក្យ​ត្មះ‌តិះដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ដែរ ឯង​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ​ត​ទៅ ឯង​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​ឯង ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

16 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

17 កូន​មនុស្ស​អើយ កាល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នោះ​គេ​បាន​បង្អាប់​ស្រុក​នោះ ដោយ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​ខ្លួន ផ្លូវ​ដែល​គេ​ប្រព្រឹត្ត​នៅ​មុខ​អញ ប្រៀប​ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៃ​ស្រី​ដែល​មាន​រដូវ

18 ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កំចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ

19 ដូច្នេះ អញ​បាន​កំចាត់‌កំចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក​ផង អញ​បាន​ជំនុំ‌ជំរះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ

20 កាល​គេ​បាន​ចូល​ទៅ​ឯ​សាសន៍​ណា​ដែល​គេ​ត្រូវ​ខ្ចាយ​ទៅ​នោះ គេ​ក៏​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ទៀត ដោយ​មាន​មនុស្ស​ថា ពួក​នេះ​ជា​ពួក​របស់​ព្រះ‌យេហូវ៉ា គេ​បាន​ចេញ​ចាក​ពី​ស្រុក​របស់​ទ្រង់​មក

21 ប៉ុន្តែ​អញ​បាន​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដែល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​បង្អាប់ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ទៅ​ដល់​នោះ។

22 ដូច្នេះ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អញ​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​វិញ ជា​ឈ្មោះ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​ឯង​បាន​ទៅ​ដល់​នោះ

23 អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ ដែល​ត្រូវ​បង្អាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​ក្នុង​ពួក​គេ ចេញ​ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​ឯង នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

24 ដ្បិត​អញ​នឹង​យក​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​ប្រមូល​ឯង ពី​គ្រប់​ទាំង​ស្រុក នាំ​មក​ក្នុង​ស្រុក​ជា​របស់​ផង​ឯង​រាល់​គ្នា​វិញ

25 នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជំរះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្ដី​ស្មោក‌គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង

26 អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ

27 អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

28 នោះ​ឯង​រាល់​គ្នា​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​ឯង

29 អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​ឯង អញ​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចំរើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ

30 ក៏​នឹង​ចំរើន​ផ្លែ​ឈើ និង​ផល​ចំការ​ឡើង​ដែរ ដើម្បី​មិន​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ពាក្យ​ដំនៀល​របស់​សាសន៍​ដទៃ ដោយ​ព្រោះ​អំណត់​អត់​នោះ​ត​ទៅ

31 នោះ​ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​ឯង ហើយ​ពី​អំពើ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ​ផង ដូច្នេះ ឯង​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង។

32 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា មិន​មែន​ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ដែល​អញ​ធ្វើ​ដូច្នេះ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ឲ្យ​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​កិរិយា​របស់​ឯង​ចុះ

33 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​អញ​ជំរះ​ឯង​រាល់​គ្នា ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង​ចេញ នោះ​អញ​នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​របស់​ឯង មាន​មនុស្ស​អាស្រ័យ​នៅ​វិញ ហើយ​ឲ្យ​អស់​ទាំង​ទី​ខូច​បង់​បាន​សង់​ឡើង

34 ឯ​ស្រុក​ដែល​បាន​នៅ​ស្ងាត់ និង​មាន​គេ​ភ្ជួរ‌រាស់ ជា​ស្រុក​ដែល​ពី​ដើម​នៅ​ស្ងាត់‌ច្រៀប ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ដើរ​កាត់​នោះ

35 ហើយ​គេ​នឹង​ពោល​ថា ស្រុក​នេះ​ដែល​ត្រូវ​ចោល​ស្ងាត់ បាន​ត្រឡប់​ដូច​ជា​សួន‌ច្បារ​អេដែន​វិញ ហើយ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ខូច​បង់​ចោល​ស្ងាត់ ហើយ​បាក់​បែក ក៏​បាន​មាំ‌មួន​ឡើង ហើយ​មាន​មនុស្ស​អាស្រ័យ​នៅ​ផង

36 ដូច្នេះ អស់​ទាំង​សាសន៍​ដែល​សល់​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ដឹង​ថា គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​សង់​ទី​បំផ្លាញ​នោះ​ឡើង ហើយ​សាប‌ព្រោះ​កន្លែង​ដែល​ចោល​ស្ងាត់​វិញ គឺ​អញ ជា​យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សំរេច​តាម​ផង។

37 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មួយ​ទៀត​អញ​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល បាន​សួរ​អញ​ពី​ដំណើរ​នោះ​ឯង ដើម្បី​ឲ្យ​អញ​បាន​សំរេច​ការ​នោះ​ដល់​គេ គឺ​អញ​នឹង​ឲ្យ​គេ​ចំរើន​គ្នា​ជា​ច្រើន​ឡើង ដូច​ជា​ហ្វូង​ចៀម

38 អស់​ទាំង​ទី​ក្រុង​ខូច​បង់ នឹង​បាន​ពេញ​ដោយ​ហ្វូង​មនុស្ស ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ គឺ​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48