1 លុះដល់ថ្ងៃ១ ខែជេស្ឋ ឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ និងពួកកកកុញរបស់វាថា ដែលឯងធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី
3 មើល ពីដើមពួកសាសន៍អាសស៊ើរ គេជាដើមតាត្រៅនៅព្រៃល្បាណូន មានមែកល្អ ហើយស៊ុបទ្រុបបាំងម្លប់ ក៏មានសណ្ឋានខ្ពស់ ហើយកំពូលនៅកណ្តាលមែកញឹកស្និត
4 ទឹកទាំងឡាយបានចំរើនដើមនោះ ហើយទីជំរៅបានធ្វើឲ្យលូតឡើង ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់គ្រប់ទាំងដើមឈើនៅដីនោះផង
5 ហេតុនោះបានជាវាលូតខ្ពស់ជាងអស់ទាំងដើមឈើនៅផែនដី មែកវាចំរើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ
6 អស់ទាំងសត្វហើរលើអាកាសបានធ្វើសំបុកនៅមែកវា ហើយគ្រប់ទាំងសត្វនៅដីបានបង្កើតកូននៅក្រោមមែកវា ឯអស់ទាំងសាសន៍ធំៗ ក៏អាស្រ័យនៅក្រោមម្លប់វាដែរ
7 យ៉ាងនោះវាបានល្អមើល ដោយព្រោះធំខ្ពស់ ហើយមានមែកវែង ដ្បិតឫសវានៅក្បែរទឹកជាច្រើន
8 អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះនឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយ ក្នុងសួនច្បារនៃព្រះ ដែលមានលំអដូចវាឡើយ
9 អញបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរដល់ម៉្លេះបានជាអស់ទាំងដើមឈើនៅអេដែន គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។
10 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានធំឡើងយ៉ាងខ្ពស់ ហើយមានកំពូលលូតឡើងនៅកណ្តាលមែកញឹកស្និត ហើយមានចិត្តប៉ោងឡើងដោយសារកំពស់នោះ
11 នោះអញបានប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា អញបានបណ្តេញវាចេញហើយ
12 ពួកសាសន៍ដទៃ ជាពួកគួរស្ញែងខ្លាចនៃអស់ទាំងសាសន៍ បានកាត់វាចេញ ហើយបោះបង់ចោល មែកវាបានធ្លាក់នៅលើភ្នំទាំងប៉ុន្មាន ហើយនៅអស់ទាំងច្រកភ្នំដែរ មែកវាទាំងប៉ុន្មានត្រូវបាក់តាមអស់ទាំងផ្លូវទឹកនៅស្រុកនោះ ហើយអស់ទាំងសាសន៍នៅផែនដីបានថយចុះពីម្លប់វា ទាំងចោលវាទុកនៅ
13 ឯសត្វហើរលើអាកាស នឹងមកអាស្រ័យនៅលើបំណែក ហើយអស់ទាំងសត្វនៅដីនឹងមកអាស្រ័យនៅលើមែកវា
14 ប្រយោជន៍មិនឲ្យអស់ទាំងដើមឈើដែលដុះនៅក្បែរទឹកបានដំកើងខ្លួន ដោយមានកំពស់ ឬលូតកំពូលឡើងដល់ក្នុងមែកញឹកស្និតឡើយ ហើយមិនឲ្យដើមណាដែលបឺតទឹក បានឈរឡើង ដោយមានសណ្ឋានខ្ពស់ដែរ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្តាលពួកមនុស្សជាតិ ជាមួយនឹងពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអញបានឲ្យគេយំសោក អញបានគ្របទីជំរៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង អញបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា
16 អញបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលអញបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី
17 ពួកទាំងនោះក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ជាមួយនឹងវា ដល់ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គឺជាពួកអ្នក ជាដៃរបស់វា ដែលបានជ្រកក្រោមម្លប់របស់វា នៅកណ្តាលអស់ទាំងសាសន៍។
18 ដូច្នេះ តើឯងប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ ទោះបើយ៉ាងណាក៏ដោយ គង់តែឯងនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយនឹងពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ ឯងនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយនឹងអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះឯងគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។