1 រួចលោកក៏នាំខ្ញុំ ចេញទៅឯទីលានខាងក្រៅតាមផ្លូវទៅឯទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលានទទេ ដែលនៅខាងជើងប្រទល់មុខនឹងមន្ទីរ
2 ខាងមុខនោះ ជាកន្លែងមានទ្វារខាងជើង នោះប្រវែង១០០ហត្ថ ទទឹង៥០ហត្ថ
3 ប្រទល់នឹងទីលានខាងក្នុងដែលវាស់បាន២០ហត្ថ ហើយទល់មុខនឹងកំរាលថ្មនៅទីលានខាងក្រៅ នោះមានរានហាល៣ជាន់
4 នៅពីមុខបន្ទប់ទាំងប៉ុន្មាន នោះមានទីដើរ ទទឹង១០ហត្ថ ខាងក្នុងក៏មានផ្លូវ១ហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង
5 រីឯបន្ទប់ខាងលើ សុទ្ធតែខ្លីជាង ពីព្រោះរានហាលកាត់ចេញពីបន្ទប់ទាំងនោះ ជាជាងបន្ទប់ជាន់ក្រោម និងបន្ទប់ជាន់កណ្តាលនៃមន្ទីរនោះ
6 ដ្បិតមាន៣ជាន់ តែឥតមានសសរ ដូចជាសសរទីលានទេ ហេតុនោះបានជាជាន់លើត្រូវចង្អៀតជាងជាន់ក្រោម និងជាន់កណ្តាល រាប់ពីដីឡើង
7 ឯជញ្ជាំងខាងក្រៅ ដែលទល់មុខនឹងបន្ទប់ទាំងនោះ ខាងឯទីលានខាងក្រៅ ពីមុខបន្ទប់ នោះបណ្តោយ៥០ហត្ថ
8 ដ្បិតបន្ទប់ទាំងនោះដែលនៅទីលានខាងក្រៅ មានបណ្តោយ៥០ហត្ថ ហើយមើល នៅមុខព្រះវិហារនោះមាន១០០ហត្ថ
9 ហើយនៅក្រោមបន្ទប់ទាំងនោះ មានផ្លូវចូលពីខាងកើត តាមដែលអ្នកណាចូលមកពីទីលានខាងក្រៅ។
10 នៅក្នុងកំរាស់កំផែងទីលានខាងកើត ប្រទល់មុខនឹងទីលានទទេ ហើយពីមុខមន្ទីរ នោះមានបន្ទប់ដែរ
11 ឯទីដើរនៅមុខបន្ទប់ទាំងនោះ មើលទៅដូចទីដើរនៃបន្ទប់ដែលនៅខាងជើងដែរ មានបណ្តោយ និងទទឹងស្មើគ្នា ហើយអស់ទាំងផ្លូវចេញពីបន្ទប់ទាំងនោះ ក៏ត្រូវតាមរបៀប ហើយតាមទ្វារបន្ទប់មុននោះដែរ
12 ហើយតាមរបៀបនៃទ្វាររបស់បន្ទប់នៅខាងត្បូង នោះក៏មានទ្វារ១នៅក្បាលផ្លូវ គឺជាផ្លូវដែលចេញទៅចំពីមុខកំផែងទិសខាងកើត តាមដែលអ្នកណាចូលទៅឯបន្ទប់ទាំងនោះ។
13 រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលានទទេ នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាដង្វាយម្សៅ ដង្វាយលោះបាប និងដង្វាយដែលថ្វាយដោយព្រោះការរំលងផង ដ្បិតទីនោះជាទីបរិសុទ្ធ
14 កាលណាពួកសង្ឃចូលទៅ នោះគេមិនត្រូវចេញ ពីទីបរិសុទ្ធ ទៅឯទីលានខាងក្រៅឡើយ គឺគេត្រូវទុកសំលៀកបំពាក់ ដែលគេស្លៀកពាក់កំពុងដែលធ្វើការងារនៅទីនោះវិញ ពីព្រោះសំលៀកបំពាក់ទាំងនោះសុទ្ធតែបរិសុទ្ធ ហើយគេត្រូវតែងខ្លួន ដោយសំលៀកបំពាក់ផ្សេងទៀត រួចនឹងចូលទៅឯចំណែករបស់ផងបណ្តាជនបាន។
15 កាលលោកបានវាស់ព្រះវិហារ ខាងក្នុងរួចហើយ នោះក៏នាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែង ដែលបើកទៅទិសខាងកើត រួចក៏វាស់កំផែងព័ទ្ធជុំវិញ
16 លោកវាស់ចំហៀងខាងកើត ដោយខ្នាតបបុសបាន៥០០ខ្នាត គឺបានវាស់ដោយខ្នាតបបុសនៅព័ទ្ធជុំវិញ
17 លោកវាស់ចំហៀងខាងជើង ដោយខ្នាតបបុស នោះបាន៥០០ខ្នាតជុំវិញ
18 លោកក៏វាស់ចំហៀងខាងត្បូង ដោយខ្នាតបបុស នោះបាន៥០០ខ្នាត
19 រួចលោកត្រឡប់ទៅខាងលិច វាស់ដោយខ្នាតបបុសបាន៥០០ខ្នាត
20 គឺលោកបានវាស់ចំហៀងទាំង៤ មានកំផែងព័ទ្ធជុំវិញ បណ្តោយ៥០០ទទឹង៥០០ ដើម្បីនឹងញែករបស់ដែលបរិសុទ្ធ ចេញពីរបស់ដែលមិនបរិសុទ្ធ។