អេសេគាល 21 KHOV

ដាវ​របស់​ព្រះ‌អម្ចាស់

1 រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2 កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ឯង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ចុះ

3 ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រា‌អែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​អញ​ទាស់​ទទឹង​នឹង​ឯង អញ​នឹង​ហូត​ដាវ​របស់​អញ​ចេញ​ពី​ស្រោម ហើយ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង​ផង

4 ដូច្នេះ ដោយ​ព្រោះ​អញ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង នោះ​ដាវ​របស់​អញ​នឹង​ចេញ​ពី​ស្រោម ទៅ​ទាស់​នឹង​គ្រប់​ទាំង​មនុស្ស ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង

5 នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា អញ គឺ​ព្រះ‌យេហូវ៉ា បាន​ហូត​ដាវ​របស់​អញ​ពី​ស្រោម​ចេញ​ហើយ ដាវ​នោះ​នឹង​មិន​បាន​ស៊ក​ចូល​ទៅ​វិញ​ទៀត​ឡើយ

6 ដូច្នេះ ឱ​កូន​មនុស្ស​អើយ ចូរ​ដក​ដង្ហើម​ធំ​ចុះ ឯង​នឹង​ត្រូវ​ដក​ដង្ហើម​ធំ​នៅ​ចំពោះ​ភ្នែក​គេ ដោយ​ចុក​សៀត​ចង្កេះ ហើយ​មាន​ចិត្ត​ជូរ​ចត់

7 រួច​កាល​ណា​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក មើល ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សំរេច​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

8 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

9 កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ថា ន៍ មាន​ដាវ​ហើយ ជា​ដាវ​ដែល​បាន​សំលៀង​ជា​ស្រេច ហើយ​ខាត់​ឲ្យ​ភ្លឺ​ផ្លេក​ផង

10 ដាវ​នោះ​បាន​សំលៀង ដើម្បី​នឹង​សំឡេះ​យ៉ាង​សន្ធឹក ក៏​បាន​ខាត់​ឲ្យ​ភ្លឺ ដើម្បី​ឲ្យ​បាន​ដូច​ផ្លេក‌បន្ទោរ ដូច្នេះ តើ​គួរ​ឲ្យ​យើង​លេង​សប្បាយ​ឬ​អី ដំបង​ដែល​វាយ​កូន​អញ នោះ​មើល‌ងាយ​គ្រប់​ទាំង​ឈើ​ផង

11 ដាវ​នោះ​បាន​ប្រគល់​ដល់​គេ​ឲ្យ​ខាត់​ឲ្យ​ភ្លឺ ដើម្បី​នឹង​ដាក់​នៅ​ដៃ​នៃ​អ្នក​ដែល​កាប់​សំឡាប់ ដាវ​នោះ​បាន​សំលៀង​ហើយ អើ ក៏​ខាត់​ឲ្យ​ភ្លឺ​ផង ដើម្បី​នឹង​ដាក់​នៅ​ដៃ​នៃ​គេ

12 កូន​មនុស្ស​អើយ ចូរ​ស្រែក ហើយ​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ដាវ​នោះ​បាន​មក​លើ​រាស្ត្រ​របស់​អញ ក៏​មក​លើ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ គេ​ត្រូវ​ប្រគល់​ដល់​ដាវ​ជា​មួយ​នឹង​រាស្ត្រ​អញ ដូច្នេះ​ចូរ​ទះ​ភ្លៅ​ឯង​ចុះ

13 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​ការ​ល្បង‌ល​ហើយ ដូច្នេះ បើ​ទាំង​ដំបង​ដែល​មើល‌ងាយ​មិន​នៅ​ទៀត នោះ​ធ្វើ​ដូច​ម្តេច​ទៅ

14 ហេតុ​នោះ​កូន​មនុស្ស​អើយ ចូរ​ឯង​ទាយ​ចុះ ហើយ​ទះ​ដៃ​ផង នោះ​ត្រូវ​ឲ្យ​ដាវ​បាន​កាប់​ដល់​២​ដង ហើយ​៣​ដង​ទៅ គឺ​ដាវ​នោះ​ដែល​កាប់​សំឡាប់ ជា​ដាវ​ដែល​ធ្វើ​ឲ្យ​ទាំង​ពួក​អ្នក​ធំ​ត្រូវ​របួស ហើយ​ក៏​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ផង

15 អញ​បាន​តាំង​ដាវ ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង អៃយ៉ា ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ ក៏​បាន​សំលៀង​សំរាប់​កាប់​សំឡេះ

16 ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ ចូរ​ដំរៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង ខាង​ណា​ក៏​ដោយ​ដែល​ឯង​ដំរង់​មុខ​ទៅ

17 អញ​ក៏​នឹង​ទះ​ដៃ​អញ​ដែរ រួច​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​សំរាក​ទៅ​វិញ គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ។

ដាវ​របស់​ស្តេច​ស្រុក​បាប៊ី‌ឡូន

18 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

19 កូន​មនុស្ស​អើយ ចូរ​ឲ្យ​ឯង​ដំរូវ​ឲ្យ​មាន​ផ្លូវ​២ ដែល​ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​បាន ផ្លូវ​ទាំង​២​នោះ​ត្រូវ​ចេញ​ពី​ស្រុក​តែ​១ ត្រូវ​ឲ្យ​ធ្វើ​ជា​ដៃ​ចង្អុល​ដាក់​នៅ​ត្រង់​ដើម​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង

20 ចូរ​ឯង​ដំរូវ​ឲ្យ​មាន​ផ្លូវ​១ សំរាប់​ឲ្យ​ដាវ​បាន​ទៅ​ដល់​ក្រុង​រ៉ាបាត នៃ​ពួក​កូន​ចៅ​អាំម៉ូន និង​១​ទៀត​ចូល​ទៅ​ក្រុង​ស្រុក​យូដា ដល់​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​មាំ‌មួន

21 ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​២​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​រូប​ព្រះ ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម

22 ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​រៀប​គ្រឿង​បុក​ទំលាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សំឡាប់ និង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សំរាប់​ទំលាយ​ទ្វារ​កំផែង ព្រម​ទាំង​ការ​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ

23 តែ​សាសន៍​ឯង​នឹង​មើល សេចក្ដី​ទំនាយ​នោះ ទុក​ជា​ភូត‌ភរ​ទេ ដ្បិត​គេ​បាន​តាំង​សម្បថ​នឹង​អ្នក​ដទៃ​ហើយ តែ​ស្តេច​នោះ​នឹង​រំឭក​ពី​អំពើ​ទុច្ចរិត​វិញ ដើម្បី​នឹង​ចាប់​យក​គេ​បាន។

24 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​បាន​ជា​ឯង​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន

25 ឯ​ឯង ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច របស់​អ៊ីស្រា‌អែល ដែល​ថ្ងៃ​ឯង​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត​អើយ

26 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ នេះ​មិន​ដូច​ធម្មតា​ទេ ចូរ​លើក​អ្វី​ដែល​ទាប​ថោក ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់‌ខ្ពស់​ចុះ

27 អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ត្រឡប់‌ត្រឡិន​ទៅ នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ។

28 ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ពី​ពាក្យ​ត្មះ‌តិះដៀល​របស់​គេ ចូរ​ប្រាប់​ថា ន៏ មាន​ដាវ មាន​ដាវ​រហូត​ជា​ស្រេច ដាវ​នោះ​បាន​ខាត់​ឲ្យ​ភ្លឺ​សំរាប់​ការ​សំឡេះ​យ៉ាង​សន្ធឹក ដើម្បី​ឲ្យ​បាន​ស៊ី​បំផ្លាញ ហើយ​ឲ្យ​បាន​ដូច​ជា​ផ្លេក‌បន្ទោរ

29 ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ឃើញ​ការ​ជាក់‌ស្តែង​កំភូត​សំរាប់​ឯង ហើយ​កំពុង​ដែល​គេ​ទាយ​សេចក្ដី​កុហក​ដល់​ឯង​នោះ ដើម្បី​ឲ្យ​ឯង​បាន​ដួល​ទៅ​លើ​ក​នៃ​ពួក​មនុស្ស​អាក្រក់ ដែល​ត្រូវ​របួស​ដល់​ស្លាប់ ជា​ពួក​អ្នក​ដែល​ថ្ងៃ​គេ​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត

30 ចូរ​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ អញ​នឹង​វិនិច្ឆ័យ​ឯង នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​ឯង​មក គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​ឯង

31 អញ​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ផ្លុំ​លើ​ឯង​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​កំរោល ដែល​ប្រសប់​បំផ្លាញ

32 ឯង​នឹង​ត្រូវ​ទុក​ជា​ឱស​សំរាប់​ភ្លើង ឈាម​របស់​ឯង​នឹង​ខ្ចាយ​នៅ​កណ្តាល​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​ពី​ឯង​ទៀត​ឡើយ ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48