អេសេគាល 26 KHOV

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ទីរ៉ុស

1 លុះ​ដល់​ថ្ងៃ​ដើម​ខែ​នោះ ក្នុង​ឆ្នាំ​ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

2 កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាន​ពោល​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា ហាស់ហា ទី​ក្រុង​ដែល​ជា​ទ្វារ​នៃ​អស់​ទាំង​សាសន៍​ត្រូវ​បាក់​បែក វា​បាន​វិល​មក​ឯ​អញ​ហើយ ឥឡូវ​នេះ​អញ​នឹង​បាន​ពោរ‌ពេញ​ឡើង ដោយ​វា​ខូច​បង់

3 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ម្នាល​ទីរ៉ុស​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​បណ្តាល​ឲ្យ​សាសន៍​ជា​ច្រើន​ឡើង​មក​ទាស់​នឹង​ឯង ដូច​ជា​សមុទ្រ​កំរើក​រលក​ឡើង​ដែរ

4 គេ​នឹង​បំផ្លាញ​កំផែង​នៃ​ក្រុង​ទីរ៉ុស ហើយ​នឹង​រំលំ​ប៉ម​ទាំង​ប៉ុន្មាន​ផង អញ​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្មដា​រលីង

5 នោះ​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន​នៅ​កណ្តាល​សមុទ្រ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប​ដល់​អស់​ទាំង​សាសន៍

6 ឯ​កូន​ស្រី​ទាំង​ប៉ុន្មាន​របស់​វា​ដែល​នៅ​ឯ​ចំការ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

7 ដ្បិត ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ីឡូន ជា​ស្តេច​លើ​អស់​ទាំង​ស្តេច មក​ពី​ទិស​ខាង​ជើង មាន​ទាំង​សេះ រទេះ​ចំបាំង ពល​សេះ កង‌ទ័ព និង​មនុស្ស​សន្ធឹក​ផង ឲ្យ​ទាស់​នឹង​ក្រុង​ទីរ៉ុស

8 វា​នឹង​សំឡាប់​កូន​ស្រី​ឯង​ទាំង​ប៉ុន្មាន ដោយ​ដាវ​នៅ​ឯ​ចំការ វា​នឹង​ធ្វើ​បន្ទាយ ហើយ​ជីក​ស្នាម​ភ្លោះ ព្រម​ទាំង​លើក​ខែល​ទាស់​នឹង​ឯង

9 វា​នឹង​តាំង​គ្រឿង​បុក​ទំលាយ​កំផែង ហើយ​នឹង​រំលំ​ប៉ម​របស់​ឯង ដោយ​ប្រដាប់​របស់​វា

10 សេះ​យ៉ាង​សន្ធឹក​របស់​គេ​នឹង​ធ្វើ​ឲ្យ​ធូលី​ហុយ​ឡើង​គ្រប​លើ​ឯង កំផែង​របស់​ឯង​នឹង​ញ័រ ដោយ​សូរ​សន្ធឹក​នៃ​ពល​សេះ រទេះ និង​យន្ត​ចំបាំង​ទាំង​ប៉ុន្មាន​របស់​គេ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​តាម​ទ្វារ​ក្រុង​របស់​ឯង ដូច​ជា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា ដែល​គេ​បាន​រំលំ​កំផែង​ហើយ

11 អស់​ទាំង​ផ្លូវ​របស់​ឯង​នឹង​ត្រូវ​ប៉ន់​ទៅ ដោយ​ក្រចក​សេះ​របស់​គេ គេ​នឹង​សំឡាប់​ជន‌ជាតិ​ឯង​ដោយ​ដាវ ឯ​អស់​ទាំង​បង្គោល​ថ្ម​នៃ​កំឡាំង​ឯង នឹង​ត្រូវ​រំលំ​ដល់​ដី

12 គេ​នឹង​រឹប‌ជាន់​យក​ទ្រព្យ‌សម្បត្តិ​របស់​ឯង ហើយ​ជញ្ជែង​យក​ទំនិញ​ទាំង​ប៉ុន្មាន​ផង គេ​នឹង​បំបែក​រំលំ​កំផែង ហើយ​បំផ្លាញ​អស់​ទាំង​ផ្ទះ ជា​ទី​រីក‌រាយ​របស់​ឯង គេ​នឹង​ចាក់​អស់​ទាំង​ថ្ម និង​ឈើ ហើយ​ធូលី​ដី​របស់​ឯង​ទៅ​ក្នុង​ទឹក

13 អញ​នឹង​ធ្វើ​ឲ្យ​បាត់​ឮ​សូរ​ចំរៀង​របស់​ឯង ហើយ​នឹង​ឥត​មាន​ឮ​សូរ​ស៊ុង​នៅ​ក្នុង​ឯង​ទៀត​ឡើយ

14 អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ថ្មដា​រលីង ឯង​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន និង​គ្មាន​អ្នក​ណា​សង់​ឡើង​វិញ នៅ​ជា​ដរាប​ត​ទៅ ដ្បិត​គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

15 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ក្រុង​ទីរ៉ុស​ដូច្នេះ​ថា ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​ញ័រ​រន្ធត់ ដោយ​ឮ​សូរ​ឯង​ដួល និង​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស ក្នុង​កាល​ដែល​សំរេច​ការ​សំឡេះ​យ៉ាង​ធំ​នៅ​កណ្តាល​ឯង

16 គ្រា​នោះ អស់​ទាំង​សេដ្ឋី​ជើង​សមុទ្រ នឹង​ចុះ​ពី​ទី​ថ្កល់​របស់​ខ្លួន ដោះ​សំលៀក‌បំពាក់​ចេញ ហើយ​ផ្លាស់​អាវ‌ប៉ាក់ គេ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​អង្គុយ​នៅ​ដី​វិញ ដោយ​ញាប់‌ញ័រ​ជានិច្ច ព្រម​ទាំង​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​ព្រោះ​ឯង​ផង

17 គេ​នឹង​ផ្តើម​ទួញ​ទំនួញ​ពី​ឯង​ដោយ​ពាក្យ​ថា ម្តេច​ក៏​ឯង​ត្រូវ​បំផ្លាញ​យ៉ាង​នេះ​ហ្ន៎ ឯង​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ ជា​ទី​ក្រុង​មាន​ល្បី‌ល្បាញ ដែល​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ គឺ​ទាំង​ឯង និង​ពួក​អ្នក​នៅ​ក្នុង​ឯង​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ខ្លួន​នៅ​ទី​នោះ​អើយ

18 ឥឡូវ​នេះ អស់​ទាំង​កោះ​នឹង​ញាប់‌ញ័រ នៅ​ថ្ងៃ​ដែល​ឯង​ដួល​នោះ អើ អស់​ទាំង​កោះ​នៅ​សមុទ្រ​នឹង​ស្លុត​ចិត្ត ដោយ​ឯង​ផុត​ទៅ។

19 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​បាន​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ក្រុង​ស្ងាត់‌ច្រៀប ដូច​ជា​ទី​ក្រុង​ណា​ដែល​ឥត​មាន​មនុស្ស​នៅ កាល​ណា​អញ​បាន​នាំ​ទី​ជំរៅ​មក​លើ​ឯង ហើយ​មាន​ទឹក​ធំ​មក​គ្រប​លើ​ឯង​ហើយ

20 នោះ​អញ​នឹង​ទំលាក់​ឯង​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដល់​ពួក​មនុស្ស​ពី​បុរាណ ហើយ​នឹង​ឲ្យ​ឯង​នៅ​ទី​ជំរៅ​បំផុត​នៃ​ផែនដី ជា​កន្លែង​ស្ងាត់‌ជ្រងំ​ពី​យូរ​មក​ហើយ គឺ​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​នៅ​ក្នុង​ឯង​ទៀត​ឡើយ តែ​អញ​នឹង​បំរុង​ទុក​សិរី‌ល្អ សំរាប់​ស្ថាន​របស់​មនុស្ស​រស់​វិញ

21 អញ​នឹង​តាំង​ឯង​ជា​សេចក្ដី​ស្ញែង‌ខ្លាច ហើយ​ឲ្យ​លែង​មាន​ទៀត នោះ​ទោះ​បើ​គេ​ស្វែង​រក​ឯង​ក៏​ដោយ គង់​តែ​មិន​ដែល​ប្រទះ​ឃើញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់​យេហូវ៉ា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48