អេសេគាល 30 KHOV

ព្រះ‌អម្ចាស់​ដាក់​ទោស​ស្រុក​អេស៊ីប

1 ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2 កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទ្រហោ‌យំ​ថា ថ្ងៃ​នោះ​វេទនា​អី​ម៉្លេះ

3 ដ្បិត​ថ្ងៃ​នោះ​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ជិត​ហើយ ជា​ថ្ងៃ​មីរ​ស្រទំ គឺ​ជា​ពេល​កំណត់​នៃ​អស់​ទាំង​សាសន៍

4 នឹង​មាន​ដាវ​មក​លើ​ស្រុក​អេស៊ីព្ទ ហើយ​សេចក្ដី​តក់‌ស្លុត​នៅ​ក្នុង​ស្រុក​អេធីយ៉ូពី គឺ​ក្នុង​កាល​ដែល​មនុស្ស​ត្រូវ​របួស​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​វា​ចេញ​ទៅ ហើយ​ឫស​វា​នឹង​ត្រូវ​បំផ្លាញ​បង់

5 ពួក​សាសន៍​អេធីយ៉ូពី សាសន៍​ពូត សាសន៍​លូឌ និង​អស់​ទាំង​សាសន៍​លាយ‌ឡំ​គ្នា ព្រម​ទាំង​ពួក​គូប​ពួក​កូន​ចៅ​នៃ​ស្រុក​ដែល​ជា​មេត្រី​មិត្រ គេ​នឹង​ដួល​ដោយ​ដាវ​ទៅ​ជា​មួយ​គ្នា។

6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯ​ពួក​អ្នក​ដែល​ទប់‌ទល់​ស្រុក​អេស៊ីព្ទ គេ​នឹង​ដួល​ដែរ ហើយ​ទាំង​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា នឹង​ត្រូវ​បន្ទាប​ចុះ​ផង គេ​នឹង​ដួល​ដោយ​ដាវ នៅ​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

7 ហើយ​គេ​នឹង​ត្រូវ​ស្ងាត់‌ច្រៀប នៅ​កណ្តាល​ស្រុក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ចោល​ស្ងាត់ អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​នោះ នឹង​នៅ​ក្នុង​ពួក​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ខូច​បង់​ដែរ

8 ដូច្នេះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​អញ​បាន​បង្កាត់​ភ្លើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​អស់​អ្នក​ជំនួយ​របស់​វា​បាន​ត្រូវ​បំផ្លាញ​ទៅ

9 នៅ​ថ្ងៃ​នោះ ពួក​ទូត​នឹង​ចេញ​ពី​ចំពោះ​អញ ជិះ​នាវា​ទៅ​បំភ័យ​ដល់​ពួក​សាសន៍​អេធីយ៉ូពី ដែល​នៅ​ដោយ​ឥត​កង្វល់ នោះ​នឹង​មាន​សេចក្ដី​តក់‌ស្លុត​គ្រប​លើ​គេ ដូច​ជា​នៅ​ថ្ងៃ​របស់​ស្រុក​អេស៊ីព្ទ​ដែរ ដ្បិត​មើល​ន៏ ថ្ងៃ​នោះ​មក​ហើយ។

10 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​ធ្វើ​ឲ្យ​ពួក​ជន​ទាំង‌ឡាយ​នៃ​ស្រុក​អេស៊ីព្ទ​ផុត​ទៅ ដោយ‌សារ​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន

11 ស្តេច​នោះ និង​ពួក​រាស្ត្រ​ផង គឺ​ជា​ពួក​គួរ​ស្ញែង‌ខ្លាច​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​នាំ​គ្នា​មក​បំផ្លាញ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ហូត​ដាវ​ទាស់​នឹង​ស្រុក​នោះ ព្រម​ទាំង​បំពេញ​ដោយ​សាក‌សព​នៃ​មនុស្ស​ដែល​គេ​សំឡាប់

12 អញ​នឹង​ពង្រីង​អស់​ទាំង​ទន្លេ​ឲ្យ​រីង​ស្ងួត​ទៅ ហើយ​នឹង​លក់​ស្រុក​នោះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ ក៏​នឹង​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់‌ច្រៀប ព្រម​ទាំង​របស់​ដែល​នៅ​ក្នុង​ស្រុក​នោះ​ផង ដោយ‌សារ​ដៃ​នៃ​ពួក​អ្នក​ដទៃ គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។

13 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​បំផ្លាញ​អស់​ទាំង​រូប​ព្រះ ហើយ​នឹង​ធ្វើ​ឲ្យ​រូប​ទាំង​អស់​ផុត​បាត់​ពី​ក្រុង​ណូព​ទៅ នោះ​នឹង​លែង​មាន​ចៅ‌ហ្វាយ​ណា​នៅ​ស្រុក​អេស៊ីព្ទ​ទៀត អញ​នឹង​ឲ្យ​សេចក្ដី​ភ័យ​ខ្លាច​គ្រប​លើ​ស្រុក​អេស៊ីព្ទ

14 ហើយ​នឹង​ឲ្យ​ស្រុក​ប៉ាត្រូស​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​បង្កាត់​ភ្លើង​នៅ​ស្រុក​សូអាន ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ក្រុង​នរ​ផង

15 អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​ស្រុក​សីន ជា​ទី​មាំ‌មួន​របស់​ស្រុក​អេស៊ីព្ទ ហើយ​នឹង​កាត់​ពួក​បណ្តា‌ជន​ពី​ក្រុង​នរ​ចេញ

16 អញ​នឹង​បង្កាត់​ភ្លើង​នៅ​ស្រុក​អេស៊ីព្ទ ស្រុក​សីន​នឹង​មាន​សេចក្ដី​តក់‌ស្លុត​យ៉ាង​ខ្លាំង ក្រុង​នរ​នឹង​ត្រូវ​បាក់​បែក ហើយ​ពួក​ខ្មាំង​សត្រូវ​នឹង​ចូល​ក្រុង​ណូព​ទាំង​ថ្ងៃ

17 ពួក​កំឡោះៗ​នៃ​ក្រុង​អាវេន និង​ក្រុង​ភី-បែសែត គេ​នឹង​ដួល​ចុះ​ដោយ​ដាវ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ

18 នៅ​ត្រង់​ក្រុង​តាហា‌ពេនេស នោះ​ថ្ងៃ​នឹង​ត្រូវ​ងងឹត ក្នុង​កាល​ដែល​អញ​បំបាក់​នឹម នៃ​ស្រុក​អេស៊ីព្ទ​នៅ​ទី​នោះ ហើយ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​គេ​នឹង​ផុត​ទៅ ចំណែក​ស្រុក​នោះ​នឹង​មាន​ពពក​គ្រប​បាំង​ពី​លើ ហើយ​ពួក​កូន​ស្រី​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ

19 គឺ​យ៉ាង​ដូច្នោះ​ដែល​អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ស្រុក​អេស៊ីព្ទ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

20 លុះ​ដល់​ថ្ងៃ​៧ ខែ​ចេត្រ​ឆ្នាំ ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

21 កូន​មនុស្ស​អើយ អញ​បាន​បំបាក់​ដៃផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឥត​មាន​អ្នក​ណា​នឹង​មើល ដើម្បី​នឹង​លាប​ថ្នាំ ហើយ​រុំ​អប​ឲ្យ​មាន​កំឡាំង​អាច​កាន់​ដាវ​ទៀត​បាន​ឡើយ

22 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ អញ​នឹង​បំបាក់​ដៃ​វា​ទាំង​សង​ខាង គឺ​ដៃ​ដែល​នៅ​មាំ និង​ដៃ​ដែល​បាក់​ហើយ​នោះ​ផង អញ​នឹង​ធ្វើ​ឲ្យ​ដាវ​ធ្លាក់​ចុះ​ពី​ដៃ​វា

23 ហើយ​អញ​នឹង​កំចាត់‌កំចាយ​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ព្រម​ទាំង​បែង​ចែក​គេ​ទៅ​ក្នុង​គ្រប់​ទាំង​ស្រុក

24 អញ​នឹង​ចំរើន​កំឡាំង​ដៃ​នៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​អញ​ទៅ​ក្នុង​ដៃ​វា តែ​អញ​នឹង​បំបាក់​ដៃ​ទាំង​២​របស់​ផារ៉ោន​វិញ ដូច្នេះ វា​នឹង​ថ្ងូរ​នៅ​មុខ​ស្តេច​បាប៊ីឡូន ដោយ​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ដល់​ស្លាប់

25 អញ​នឹង​ជ្រោង​ដៃ​របស់​ស្តេច​ស្រុក​បាប៊ីឡូន តែ​ដៃ​របស់​ផារ៉ោន​នឹង​ធ្លាក់​ចុះ​វិញ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​ដាក់​ដាវ​របស់​អញ​ទៅ​ក្នុង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​វា​បាន​លូក​ដាវ​នោះ​ទៅ​លើ​ស្រុក​អេស៊ីព្ទ

26 អញ​នឹង​កំចាត់‌កំចាយ​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​គេ ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​ស្រុក នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48