អេសេគាល 9 KHOV

ការ​ដាក់​ទោស​ក្រុង​យេរូ‌សាឡិម

1 លំដាប់​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ ដោយ​ព្រះ‌សៀង​យ៉ាង​ខ្លាំង​ថា ចូរ​ឲ្យ​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ​ក្នុង​ទី​ក្រុង​ចូល​មក​ជិត​ចុះ ត្រូវ​ឲ្យ​គ្រប់​គ្នា​កាន់​គ្រឿង​ប្រហារ​របស់​ខ្លួន​នៅ​ដៃ​ផង

2 នោះ​ឃើញ​មាន​មនុស្ស​៦​នាក់​មក​តាម​ផ្លូវ​ទ្វារ​ខាង​លើ ដែល​បើក​ទៅ​ទិស​ខាង​ជើង គ្រប់​គ្នា​ក៏​កាន់​គ្រឿង​សំឡេះ​នៅ​ដៃ ហើយ​មាន​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក នៅ​កណ្តាល​គេ មាន​ស្ពាយ​ដប​ទឹក​ខ្មៅ អ្នក​ទាំង​នោះ​ក៏​ចូល​ទៅ​ឈរ​ក្បែរ​អាស‌នា​លង្ហិន។

3 ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ឡើង​ផុត​ពី​ចេរូប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ

4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្តាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សំគាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង

5 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​៥​នាក់​ឯ​ទៀត​នៅ​ត្រចៀក​ខ្ញុំ​ថា ចូរ​ឯង​រាល់​គ្នា​ដើរ​បង្ហូត​ទី​ក្រុង​តាម​អ្នក​១​នោះ ហើយ​ប្រហារ​ទៅ កុំ​ឲ្យ​ភ្នែក​ឯង​ប្រណី ឬ​អាណិត‌អាសូរ​ឡើយ

6 ត្រូវ​ឲ្យ​សំឡាប់​ទាំង​ពួក​ចាស់ ពួក​កំឡោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ​កុំ​ឲ្យ​ចូល​ទៅ​ជិត​មនុស្ស​ណា ដែល​មាន​ទី​សំគាល់ នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ឲ្យ​ចាប់​ផ្តើម​ការ តាំង​ពី​ទី​បរិសុទ្ធ​របស់​អញ​ផង ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ការ ចាប់​តាំង​ពី​ពួក​ចាស់‌ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ

7 ទ្រង់​ក៏​បង្គាប់​ថា ចូរ​បង្អាប់​វិហារ​ចុះ ត្រូវ​សំឡាប់​គេ​ឲ្យ​ទីលាន​បាន​ពេញ​ដោយ​សាក‌សព​ទៅ​ចូរ​ចេញ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ចេញ​ទៅ​ប្រហារ​នៅ​ក្នុង​ទី​ក្រុង

8 កាល​គេ​កំពុង​តែ​សំឡាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​អំពាវ‌នាវ​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​សំណល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​មក​លើ​ក្រុង​យេរូ‌សាឡិម​ឬ​អី។

9 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា សេចក្ដី​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា នោះ​ធំ​ក្រៃលែង​ណាស់ ស្រុក​នេះ​ក៏​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​មើល​មិន​ឃើញ​ទេ

10 រីឯ​អញ​វិញ ភ្នែក​អញ​នឹង​មិន​ប្រណី​ទេ អញ​មិន​អាណិត​មេត្តា​ឡើយ គឺ​អញ​នឹង​ទំលាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ

11 នោះ​មើល មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មក​ចែង​ថា ទូល‌បង្គំ​បាន​ធ្វើ​សំរេច​តាម​បង្គាប់​ទ្រង់​ហើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48