1 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា
2 កូនមនុស្សអើយ ឯងនៅកណ្តាលពូជពង្សរឹងចចេសជាពួកអ្នកដែលមានភ្នែកសំរាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសំរាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស
3 ដូច្នេះ កូនមនុស្សអើយ ចូររៀបចំអីវ៉ាន់ សំរាប់ដំណើរនិរទេស ហើយដើរចេញទៅ ទាំងថ្ងៃនៅចំពោះភ្នែកគេចុះ ត្រូវឲ្យឯងរើចេញពីកន្លែងឯង ទៅកន្លែង១ទៀត នៅចំពោះភ្នែកគេ ប្រហែលជាគេនឹងពិចារណាយល់ ទោះបើគេជាវង្សរឹងចចេសក៏ដោយ
4 ត្រូវឲ្យឯងរើយកអីវ៉ាន់ឯងចេញ នៅពេលថ្ងៃ ចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនឯងត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស
5 ចូរជីកទំលុះកំផែងនៅចំពោះភ្នែកគេ ហើយបញ្ចេញអីវ៉ាន់ទៅតាមនោះចុះ
6 ត្រូវឲ្យឯងលីអីវ៉ាន់ឯងនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតអញបានតាំងឯង ឡើងទុកជាទីសំគាល់ ដល់ពូជពង្សអ៊ីស្រាអែល
7 ខ្ញុំក៏ធ្វើតាមបង្គាប់ ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ទុកដូចជាអីវ៉ាន់សំរាប់ដំណើរនិរទេស ហើយនៅពេលល្ងាចខ្ញុំជីកទំលុះកំផែងដោយដៃ ខ្ញុំក៏បញ្ចេញអីវ៉ាន់ក្នុងងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។