5 ឯងរាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទំលាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចំបាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ
6 គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល តែព្រះយេហូវ៉ាទ្រង់មិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសំរេចជាពិត
7 ការដែលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តែអញមិនបានពោលសោះ នោះតើមិនមែនជាឃើញការជាក់ស្តែងកំភូត ហើយនឹងទាយកុហកទេឬអី។
8 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញទាស់នឹងឯងរាល់គ្នាហើយ
9 ដៃអញក៏ទាស់នឹងពួកហោរា ដែលឃើញការជាក់ស្តែងកំភូត ហើយដែលទាយសេចក្ដីកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់រាស្ត្រអញឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជីនៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត
10 ពីព្រោះ គឺពីព្រោះតែគេបានលួងលោមបញ្ឆោតរាស្ត្រអញ ដោយចេញពាក្យថា «សន្តិសុខ» តែគ្មានសេចក្ដីសន្តិសុខសោះប៉ុណ្ណោះឯង រាស្ត្រអញធ្វើកំផែងឡើង តែចំណែកគេៗបូកដោយល្បាប់វិញ
11 ចូរប្រាប់ដល់ពួកអ្នកដែលបូកដោយល្បាប់នោះថា កំផែងនោះនឹងរលំទៅ ដោយមានភ្លៀងរំលា ហើយឯង ឱគ្រាប់ព្រិលយ៉ាងធំអើយ ឯងនឹងធ្លាក់មក ក៏នឹងមានខ្យល់ព្យុះយ៉ាងខ្លាំងបំបាក់រលំកំផែងទៅ