16 ឯងបានយកសំលៀកបំពាក់របស់ឯងទៅ ធ្វើជាទីខ្ពស់តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏នឹងឥតមានដែរ
17 ឯងក៏យកគ្រឿងលំអរបស់ឯង ដែលធ្វើពីមាស និងប្រាក់របស់អញ ជាគ្រឿងដែលអញបានឲ្យដល់ឯងនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយឯងបានភប់ប្រសព្វនឹងរូបនោះដែរ
18 ឯងបានយកសំលៀកបំពាក់ប៉ាក់របស់ឯង ទៅតែងឲ្យវា ព្រមទាំងតាំងប្រេង និងកំញានរបស់អញនៅមុខវា
19 ឯអាហារដែលអញបានឲ្យដល់ឯង គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលអញឲ្យសំរាប់ចិញ្ចឹមឯង នោះឯងបានថ្វាយនៅចំពោះរូបទាំងនោះ សំរាប់ជាក្លិនឈ្ងុយវិញ គឺយ៉ាងនោះដែលឯងបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
20 មួយទៀត ឯងបានយកកូនប្រុសស្រីឯង ដែលបានបង្កើតឲ្យអញ ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅផង ដូច្នេះ តើការកំផិតរបស់ឯង ជាការយ៉ាងស្រាលឬ
21 បានជាឯងសំឡាប់កូនអញ ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើងថ្វាយដល់រូបទាំងនោះទៀត
22 ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម និងការកំផិតរបស់ឯង នោះឯងមិនបាននឹកពីកាលឯងនៅក្មេង ក្នុងកាលដែលឯងនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមឯងនោះទេ។