41 រួចគេនឹងដុតផ្ទះឯងចោល ហើយនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ អញនឹងធ្វើឲ្យឯងលែងប្រព្រឹត្តការសំផឹង ហើយឯងនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ
42 គឺយ៉ាងនោះ ដែលអញនឹងសំរាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញ នឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត
43 អញនឹងទំលាក់អំពើរបស់ឯងទៅលើក្បាលឯងវិញ ដោយព្រោះឯងមិនបាននឹកពីកាលឯងនៅក្មេងទេ គឺបានចាក់រុកអញ ដោយសារអំពើទាំងនោះឯង យ៉ាងនោះឯងនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯងទៀត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
44 មើល អស់អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិតគេនឹងពោលពាក្យនេះទាស់នឹងឯងថា ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ
45 ឯងជាកូនស្រីរបស់ម្តាយឯងដែលបានស្អប់ប្ដី និងកូនខ្លួន ឯងក៏ជាប្អូនស្រីរបស់ពួកបងប្អូនស្រីឯង ដែលគេបានស្អប់ប្ដី និងកូនគេដែរ ម្តាយឯងជាសាសន៍ហេត ហើយឪពុកឯងជាសាសន៍អាម៉ូរី
46 បងស្រីឯង គឺសាម៉ារី ដែលនៅខាងឆ្វេងឯង ទាំងខ្លួនបងនោះ និងកូនស្រីរបស់បងដែរ ហើយប្អូនស្រីឯងដែលនៅខាងស្តាំ នោះគឺជាសូដុំម និងកូនស្រីរបស់គេ
47 ប៉ុន្តែឯងមិនបានដើរតាមផ្លូវគេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺឯងបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់ឯងទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ