3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មានសត្វឥន្ទ្រីយ៉ាងធំ ពេញដោយស្លាបគ្រប់ពណ៌ ដែលមានចំអេងស្លាបធំ ហើយវែង វាហើរមកដល់ព្រៃល្បាណូន កាច់យកចុងដើមតាត្រៅ១
4 វាកាច់យកលំពង់ នៅចុងបំផុតនៃដើមនោះយកទៅដល់ស្រុកជំនួញ ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ
5 វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក
6 ដើមនោះក៏ដុះឡើង ត្រឡប់ជាដើមទំពាំងបាយជូរលូតលាស់ទាបៗ ដែលខ្នែងក៏បែរមកខាងឥន្ទ្រីនោះ ឯឫសក៏នៅពីក្រោមវាដែរ ដូច្នេះ ដើមនោះបានត្រឡប់ជាដើមទំពាំងបាយជូរ ក៏បែកខ្នែង ហើយចេញត្រួយផង
7 មានសត្វឥន្ទ្រីធំ១ទៀតមានស្លាបច្រើន ហើយចំអេងស្លាបយ៉ាងធំ រីឯដើមទំពាំងបាយជូរ នោះបានបត់ឫសពីដីដែលដាំនោះទៅខាងវាវិញ ហើយបោះមែកចេញទៅខាងវាដែរ ដើម្បីឲ្យវាបានស្រោចទឹក
8 ដើមនោះបានដាំក្នុងដីល្អនៅក្បែរទឹកធំ ដើម្បីឲ្យបានបែកខ្នែង ហើយកើតផលផ្លែ ប្រយោជន៍ឲ្យបានជាដើមទំពាំងបាយជូរយ៉ាងល្អ
9 ត្រូវឲ្យឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើដើមនោះនឹងចំរើនឡើងបានឬ តើឥន្ទ្រីមុននោះមិនដករំលើងទាំងឫស ហើយកាត់ផ្លែចេញ ឲ្យបានស្វិតទៅ ហើយឲ្យអស់ទាំងស្លឹកខ្ចីៗបានក្រៀមទៅដែរទេឬអី ឥតចាំមានដៃខ្លាំងពូកែ ឬមនុស្សជាច្រើន ដើម្បីនឹងដករំលីងទាំងឫសផងឡើយ