14 ប៉ុន្តែ មើល បើអ្នកនោះបង្កើតកូនប្រុសមក ដែលឃើញអស់ទាំងអំពើបាបដែលឪពុកប្រព្រឹត្ត ក៏ពិចារណាហើយមិនប្រព្រឹត្តតាមអំពើយ៉ាងនោះឡើយ
15 គឺមិនស៊ីនៅលើភ្នំ ឬងើបភ្នែកមើលទៅឯរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាក់ប្រពន្ធរបស់អ្នកជិតខាងខ្លួន
16 ឬសង្កត់សង្កិនអ្នកណា ឬទទួលបញ្ចាំរបស់គេ ក៏មិនបានប្លន់ដែរ គឺបានចែកអាហាររបស់ខ្លួន ដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនអាក្រាតទទេ ដោយសំលៀកបំពាក់
17 ក៏ដកដៃចេញពីអ្នកក្រីក្រ ហើយមិនបានយកការ ឬកំរៃអ្វីឡើយ គឺបានសំរេចតាមក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញទាំងប៉ុន្មាន កូននោះនឹងមិនស្លាប់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ឪពុកខ្លួនឡើយ គឺនឹងរស់នៅជាពិតវិញ
18 តែឯចំណែកឪពុកវា នោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនទៅ ដោយព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តការដែលមិនល្អផង នៅកណ្តាលសាសន៍ខ្លួនហើយ។
19 ប៉ុន្តែឯងរាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកដូច្នេះ កាលណាកូនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមផង នោះវានឹងរស់នៅជាពិតវិញ
20 ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះឯង ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះឯងដែរ។