21 ប៉ុន្តែកូនចៅទាំងនោះក៏រឹងចចេសនឹងអញដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់អញឡើយ ក៏មិនបានរក្សាបញ្ញត្តទាំងប៉ុន្មានរបស់អញ ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះឯង គេបានបង្អាប់ថ្ងៃឈប់សំរាករបស់អញទៅ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសំរេចសេចក្ដីកំហឹងរបស់អញនៅលើគេ នៅក្នុងទីរហោស្ថាន
22 ប៉ុន្តែអញបានដកដៃចេញវិញ ហើយបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃសាសន៍ដទៃ ដែលអញបាននាំគេចេញទៅ នៅចំពោះមុខនោះឡើយ
23 មួយទៀត អញបានស្បថនឹងគេនៅទីរហោស្ថានថា អញនឹងកំចាត់កំចាយគេទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅនៅគ្រប់ស្រុកទាំងអស់
24 ពីព្រោះគេមិនបានប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញឡើយ គឺបានបោះបង់ចោលបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងបង្អាក់ថ្ងៃឈប់សំរាករបស់អញវិញ ហើយភ្នែកគេក៏ជាប់តាមរូបព្រះរបស់ពួកអយ្យកោគេដែរ
25 អញក៏ឲ្យក្រឹត្យក្រមដល់គេ ដែលមិនស្រួលល្អ ហើយនឹងបញ្ញត្តច្បាប់ ដែលគ្មានអ្នកណាអាចនឹងរស់បានតាមច្បាប់នោះទេ
26 អញក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារដង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យអញបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
27 ហេតុនោះ កូនមនុស្សអើយ ចូរនិយាយប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពួកអយ្យកោឯងរាល់គ្នាបានប្រមាថដល់អញក្នុងការនេះទៀត គឺគេបានប្រព្រឹត្តអំពើរំលងទាស់នឹងអញ