26 អញក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារដង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យអញបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
27 ហេតុនោះ កូនមនុស្សអើយ ចូរនិយាយប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពួកអយ្យកោឯងរាល់គ្នាបានប្រមាថដល់អញក្នុងការនេះទៀត គឺគេបានប្រព្រឹត្តអំពើរំលងទាស់នឹងអញ
28 ដ្បិតកាលអញបាននាំគេចូលមកក្នុងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់គេ នោះគេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប រួចគេក៏ថ្វាយយញ្ញបូជារបស់គេ នៅលើទីនោះ គឺនៅទីនោះគេបានថ្វាយដង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយដង្វាយសំរាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចដង្វាយច្រួចរបស់គេនៅទីនោះដែរ
29 នោះអញបានសួរគេថា ទីខ្ពស់ដែលឯងតែងតែទៅនោះ តើដូចម្តេច ដូច្នេះ ទីនោះបានហៅឈ្មោះថា «បាម៉ា» ដរាបដល់សព្វថ្ងៃនេះ។
30 ហេតុនោះ ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាតែងធ្វើឲ្យខ្លួនស្មោកគ្រោក តាមបែបពួកអយ្យកោឯងដូច្នេះដែរឬ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត តាមព្រះគួរស្អប់ខ្ពើមរបស់គេឬអី
31 ដ្បិតកាលណាឯងរាល់គ្នាថ្វាយដង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង នោះគឺឯងធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់ឯង ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញនឹងឲ្យឯងរាល់គ្នាសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
32 ហើយសេចក្ដីដែលកើតក្នុងគំនិតឯងរាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលឯងថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ និងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើ និងថ្មផង។