អេសេគាល 21:24-30 KHOV

24 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​បាន​ជា​ឯង​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន

25 ឯ​ឯង ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច របស់​អ៊ីស្រា‌អែល ដែល​ថ្ងៃ​ឯង​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត​អើយ

26 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ នេះ​មិន​ដូច​ធម្មតា​ទេ ចូរ​លើក​អ្វី​ដែល​ទាប​ថោក ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់‌ខ្ពស់​ចុះ

27 អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ត្រឡប់‌ត្រឡិន​ទៅ នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ។

28 ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ពី​ពាក្យ​ត្មះ‌តិះដៀល​របស់​គេ ចូរ​ប្រាប់​ថា ន៏ មាន​ដាវ មាន​ដាវ​រហូត​ជា​ស្រេច ដាវ​នោះ​បាន​ខាត់​ឲ្យ​ភ្លឺ​សំរាប់​ការ​សំឡេះ​យ៉ាង​សន្ធឹក ដើម្បី​ឲ្យ​បាន​ស៊ី​បំផ្លាញ ហើយ​ឲ្យ​បាន​ដូច​ជា​ផ្លេក‌បន្ទោរ

29 ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ឃើញ​ការ​ជាក់‌ស្តែង​កំភូត​សំរាប់​ឯង ហើយ​កំពុង​ដែល​គេ​ទាយ​សេចក្ដី​កុហក​ដល់​ឯង​នោះ ដើម្បី​ឲ្យ​ឯង​បាន​ដួល​ទៅ​លើ​ក​នៃ​ពួក​មនុស្ស​អាក្រក់ ដែល​ត្រូវ​របួស​ដល់​ស្លាប់ ជា​ពួក​អ្នក​ដែល​ថ្ងៃ​គេ​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត

30 ចូរ​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ អញ​នឹង​វិនិច្ឆ័យ​ឯង នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​ឯង​មក គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​ឯង