4 ដូច្នេះ ដោយព្រោះអញនឹងកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីឯង នោះដាវរបស់អញនឹងចេញពីស្រោម ទៅទាស់នឹងគ្រប់ទាំងមនុស្ស ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើង
5 នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញ គឺព្រះយេហូវ៉ា បានហូតដាវរបស់អញពីស្រោមចេញហើយ ដាវនោះនឹងមិនបានស៊កចូលទៅវិញទៀតឡើយ
6 ដូច្នេះ ឱកូនមនុស្សអើយ ចូរដកដង្ហើមធំចុះ ឯងនឹងត្រូវដកដង្ហើមធំនៅចំពោះភ្នែកគេ ដោយចុកសៀតចង្កេះ ហើយមានចិត្តជូរចត់
7 រួចកាលណាគេសួរឯងថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ នោះត្រូវឲ្យឯងប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក មើល ការនោះកំពុងតែមកហើយ ក៏នឹងបានសំរេចផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
8 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
9 កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរថា ន៍ មានដាវហើយ ជាដាវដែលបានសំលៀងជាស្រេច ហើយខាត់ឲ្យភ្លឺផ្លេកផង
10 ដាវនោះបានសំលៀង ដើម្បីនឹងសំឡេះយ៉ាងសន្ធឹក ក៏បានខាត់ឲ្យភ្លឺ ដើម្បីឲ្យបានដូចផ្លេកបន្ទោរ ដូច្នេះ តើគួរឲ្យយើងលេងសប្បាយឬអី ដំបងដែលវាយកូនអញ នោះមើលងាយគ្រប់ទាំងឈើផង