អេសេគាល 23 KHOV

អំពើ​បាប​របស់​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡិម

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2 កូន​មនុស្ស​អើយ ពី​ដើម​មាន​ស្រី​២​នាក់​ពោះ​១​នឹង​គ្នា

3 ហើយ​គេ​បាន​ធ្វើ​សំផឹង នៅ​ស្រុក​អេស៊ីព្ទ អើ គេ​បាន​ធ្វើ​សំផឹង​ពី​កាល​នៅ​ក្មេង នៅ​ស្រុក​នោះ មនុស្ស​បាន​ចាប់​ដោះ​គេ នៅ​ទី​នោះ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​គេ

4 ឯ​នាង​ទាំង​២​នោះ បង​ឈ្មោះ​ថា អូហូ‌ឡា ហើយ​ប្អូន​ឈ្មោះ​អូហូ‌លីបា គេ​ក៏​ត្រឡប់​ជា​របស់​ផង​អញ ហើយ​បង្កើត​បាន​កូន​ប្រុស និង​កូន​ស្រី ចំណែក​ឈ្មោះ​គេ នោះ​អូហូ‌ឡា គឺ​ជា​ក្រុង​សាម៉ារី ហើយ​អូហូ‌លីបា គឺ​ជា​ក្រុង​យេរូ‌សាឡិម។

5 ឯ​អូហូ‌ឡា នាង​ក៏​ធ្វើ​ជា​សំផឹង ក្នុង​កាល​ដែល​ធ្វើ​ជា​ប្រពន្ធ​របស់​អញ វា​ជាប់​ចិត្ត​នឹង​សហាយ​វា គឺ​នឹង​សាសន៍​អាស‌ស៊ើរ ជា​អ្នក​ជិត​ខាង​វា

6 ជា​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ខៀវ សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​ជា​អ្នក​គ្រប់‌គ្រង ជា​ពួក​កំឡោះ​ដែល​ចាប់​ចិត្ត ហើយ​ក៏​ជិះ​សេះ​គ្រប់​គ្នា

7 វា​ធ្វើ​សំផឹង​នឹង​គេ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អាស‌ស៊ើរ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក ដោយ​រូប​ព្រះ​របស់​អស់​អ្នក​ដែល​វា​ជាប់​ចិត្ត​ស្រឡាញ់​នោះ

8 វា​មិន​លះ‌លែង​ការ​កំផិត ដែល​វា​បាន​ធ្វើ​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ដ្បិត​កាល​វា​នៅ​ក្មេង​នៅ​ឡើយ នោះ​គេ​បាន​រួម​ដំណេក​នឹង​វា ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​វា ព្រម​ទាំង​ចាក់​ការ​កំផិត​របស់​គេ​ទៅ​លើ​វា

9 ហេតុ​នោះ អញ​បាន​ប្រគល់​វា​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សហាយ​វា គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អាស‌ស៊ើរ ដែល​វា​បាន​ជាប់​ចិត្ត​ស្រឡាញ់​នោះ

10 គេ​បាន​បើក​កេរខ្មាស​របស់​វា ហើយ​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​វា ព្រម​ទាំង​សំឡាប់​ខ្លួន​វា​ដោយ​ដាវ​ផង រួច​វា​មាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ស្រីៗ ដ្បិត​គេ​បាន​សំរេច​ទោស​ដល់​វា។

11 ឯ​អូហូ‌លីបា ជា​ប្អូន ក៏​ឃើញ​ដូច្នោះ​ដែរ ប៉ុន្តែ​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​ទៅ​ទៀត ដោយ​ជាប់​ចិត្ត​ស្រឡាញ់​គេ ហើយ​ដោយ​ការ​សំផឹង​របស់​វា ដែល​លើស​ជាង​ការ​សំផឹង​របស់​បង​ខ្លួន

12 វា​ជាប់​ចិត្ត​ស្រឡាញ់​ពួក​សាសន៍​អាស‌ស៊ើរ ជា​ពួក​ចៅ‌ហ្វាយ គឺ​ជា​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជិត​ខាង​វា ជា​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ដោយ​រុងរឿង ហើយ​ជិះ​សេះ សុទ្ធ​តែ​ជា​ពួក​កំឡោះ​យ៉ាង​ចាប់​ចិត្ត

13 អញ​ក៏​បាន​ឃើញ​ថា វា​ត្រូវ​ស្មោក‌គ្រោក​ហើយ​ដែរ បង​ប្អូន​២​នាក់​បាន​ដើរ​តាម​ផ្លូវ​តែ​១

14 តែ​ប្អូន​បាន​ចំរើន​ការ​សំផឹង​របស់​ខ្លួន​ជា​ច្រើន​ឡើង ដ្បិត​វា​បាន​ឃើញ​រូប​មនុស្ស​ដែល​បាន​គូរ​នៅ​ជញ្ជាំង គឺ​ជា​រូប​ពួក​សាសន៍​ខាល់ដេ ដែល​គូរ​ដោយ​ពណ៌​ក្រហម

15 មាន​ទាំង​ខ្សែ​ក្រវាត់​នៅ​ចង្កេះ ហើយ​ក្បាល​ជួត​ដោយ​ឈ្នួល​មាន​រំភាយ​សំយុង​ចុះ គ្រប់​គ្នា​មាន​ភាព​មើល​ទៅ​ដូច​ជា​កូន​ស្តេច តាម​បែប​ពួក​ក្រុង​បាប៊ីឡូន ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គេ

16 កាល​វា​បាន​ឃើញ​គេ នោះ​ក៏​ជាប់​ចិត្ត​ស្រឡាញ់​ភ្លាម ហើយ​បាន​ចាត់​ទូត​ទៅ​ឯ​គេ ក្នុង​ស្រុក​ខាល់ដេ

17 នោះ​ពួក​ក្រុង​បាប៊ីឡូន​ក៏​មក​ឯ​វា រួម​ដំណេក​ដោយ​ស្រឡាញ់ គេ​ក៏​ធ្វើ​ឲ្យ​វា​ស្មោក‌គ្រោក​ដោយ​ការ​កំផិត​របស់​គេ វា​បាន​សៅ‌ហ្មង​ដោយ‌សារ​គេ រួច​ចិត្ត​វា​ក៏​ណាយ​ចេញ​ពី​គេ​វិញ

18 គឺ​យ៉ាង​នោះ​ដែល​វា​បាន​បើក​អំពើ​កំផិត​របស់​វា ហើយ​បើក​កេរ‌ខ្មាស​ឲ្យ​ឃើញ​ផង ដូច្នេះ ចិត្ត​អញ​ក៏​ជិន‌ណាយ​ពី​វា ដូច​ជា​បាន​ជិន‌ណាយ​ពី​បង​វា​ដែរ

19 ប៉ុន្តែ​វា​ចេះ​តែ​ចំរើន​ការ​សំផឹង​របស់​វា​ឡើង​ទៀត ដោយ​រឭក​ពី​កាល​នៅ​ក្មេង​នៅ​ឡើយ ជា​គ្រា​ដែល​បាន​ធ្វើ​សំផឹង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ

20 វា​ជាប់​ចិត្ត​ស្រឡាញ់​សហាយ​វា ដែល​មាន​សាច់​ដូច​ជា​សាច់​នៃ​សត្វ​លា ហើយ​ទឹក​កាម​ក៏​ដូច​ជា​ទឹក​កាម​របស់​សេះ

21 គឺ​យ៉ាង​នោះ ដែល​ឯង​នឹក​ចាំ ពី​អំពើ​អាស្រូវ​បារាយណ៍ ដែល​ប្រព្រឹត្ត​ពី​កាល​នៅ​ក្មេង ដោយ​ពួក​សាសន៍​អេស៊ីព្ទ​បាន​ចាប់​ដោះ​ឯង ដែល​ដោះ​ឯង​នៅ​ជា​ក្រមុំ​ផង។

22 ហេតុ​នោះ ឱ​អូហូ‌លីបា​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ដាស់​ពួក​សហាយ​ឯង ដែល​ឯង​បាន​ណាយ​ចិត្ត​ពី​គេ​នោះ ឲ្យ​មក​ទាស់​នឹង​ឯង អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស

23 គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា និង​ពួក​កូអា ព្រម​ទាំង​ពួក​អាស‌ស៊ើរ​ជា​មួយ​នឹង​គេ​ដែរ ជា​ពួក​កំឡោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅ‌ហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច និង​មនុស្ស​មាន​ឈ្មោះ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់​គ្នា​ផង

24 គេ​នឹង​លើក​គ្នា​មក​ទាស់​នឹង​ឯង ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ រទេះ និង​យន្ត​ចំបាំង ព្រម​ទាំង​នាំ​កង‌ទ័ព​មក​ជា​ច្រើន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​នៅ​ជុំវិញ​ឯង ទាំង​កាន់​ខែល​ធំ​ខែល​តូច និង​ពាក់​មួក​សឹក​ផង រួច​អញ​នឹង​ប្រគល់​ការ​ជំនុំ‌ជំរះ​ដល់​គេ នោះ​គេ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​ច្បាប់​របស់​គេ

25 អញ​នឹង​តាំង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ទាស់​នឹង​ឯង ហើយ​គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដោយ​សេចក្ដី​ឃោរ‌ឃៅ គេ​នឹង​កាត់​ច្រមុះ កាត់​ត្រចៀក​ឯង​ចេញ ហើយ​សំណល់​របស់​ឯង​នឹង​ដួល​ដោយ​ដាវ គេ​នឹង​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ទៅ​ពួក​ឯង ដែល​នៅ​សល់ នោះ​នឹង​ត្រូវ​ភ្លើង​ស៊ី​បំផ្លាញ​បង់

26 គេ​នឹង​បក​យក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​យក​គ្រឿង​លំអ​របស់​ឯង​ទៅ​ដែរ

27 គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​អំពើ​អាស្រូវ​បារាយណ៍​ពី​ឯង​ចេញ ព្រម​ទាំង​ការ​សំផឹង​របស់​ឯង ដែល​ជាប់​មក​ពី​ស្រុក​អេស៊ីព្ទ​ផង ឯង​នឹង​មិន​សំលៀង​ភ្នែក​មើល​ទៅ​គេ​ទៀត​ឡើយ ក៏​មិន​រឭក​ដល់​ស្រុក​អេស៊ីព្ទ​ទៀត​ដែរ

28 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​ស្អប់ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​ឯង​បាន ណាយ​ចេញ​ពី​គេ​នោះ

29 គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​នៃ​ការ​ឯង​ទៅ ទុក​ឲ្យ​ឯង​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​សំផឹង​របស់​ឯង​ផង។

30 ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​ឯង ដោយ​ព្រោះ​ឯង​បាន​ផិត​តាម​អស់​ទាំង​សាសន៍​ដទៃ ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​របស់​គេ

31 ឯង​បាន​ប្រព្រឹត្ត​តាម​កិរិយា​របស់​បង​ស្រី​ឯង ហេតុ​នោះ​អញ​នឹង​ឲ្យ​ពែងរបស់​បង​ឯង​ទៅ​ក្នុង​ដៃ​ឯង​ដែរ

32 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​របស់​បង​ស្រី​ឯង ជា​ពែង​យ៉ាង​ជ្រៅ ហើយ​ធំ ឯង​នឹង​ត្រូវ​គេ​សើច​ឡក‌ឡឺយ ហើយ​ទុក​ជា​ទី​មើល‌ងាយ អើ ពែង​នោះ​ចំណុះ​ជា​ច្រើន

33 ឯង​នឹង​បាន​ពេញ​ដោយ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ស្រឡាំង‌កាំង និង​សេចក្ដី​ស្ងាត់‌ជ្រងំ ជា​ពែង​របស់​សាម៉ារី​បង​ស្រី​ឯង

34 ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សំរេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​នឹង​ហែក​ដោះ​ឯង​ទៅ ដ្បិត​អញ​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

35 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ព្រម​ទាំង​បោះ‌បង់​អញ​ចោល​ទៅ​ក្រោយ​ខ្នង​ឯង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ និង​ការ​កំផិត​របស់​ឯង​ចុះ។

ការ​វិនិច្ឆ័យ​ទោស ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡិម

36 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ តើ​ឯង​ចង់​ជំនុំ‌ជំរះ​អូហូ‌ឡា និង​អូហូ‌លីបា​ឬ​អី បើ​ដូច្នេះ ចូរ​រំឭក​ឲ្យ​នាង​ដឹង​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​នាង​ចុះ

37 ដ្បិត​នាង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ក៏​មាន​ឈាម​ប្រឡាក់​នៅ​ដៃ​នាង​ដែរ នាង​បាន​ផិត​ទៅ​តាម​រូប​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន ដែល​នាង​បង្កើត​ដល់​អញ ឆ្លង​កាត់​ភ្លើង ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ ឲ្យ​វា​ត្រូវ​ឆេះ​ទៅ

38 មួយ​ទៀត នាង​បាន​ធ្វើ​ការ​យ៉ាង​នេះ​ដល់​អញ គឺ​បាន​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អញ​ស្មោក‌គ្រោក​ទៅ​នៅ​ថ្ងៃ​១​នោះ​ឯង ព្រម​ទាំង​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ផង

39 ដ្បិត​កាល​នាង​បាន​សំឡាប់​កូន​របស់​ខ្លួន ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ​ហើយ នៅ​ថ្ងៃ​នោះ​ឯង នាង​ក៏​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​នោះ​ទៀត មើល នាង​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នៅ​កណ្តាល​វិហារ​របស់​អញ

40 មួយ​ទៀត នាង​បាន​ចាត់​ឲ្យ​ទៅ​រក​មនុស្ស​មក​ពី​ទី​ឆ្ងាយ ជា​ពួក​អ្នក​ដែល​បាន​ចាត់​ទូត​ទៅ​ហៅ ហើយ​មើល ពួក​នោះ​ក៏​មក នាង​បាន​ងូត​ទឹក ផាត់​រង្វង់​ភ្នែក ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​លំអ​សំរាប់​ទទួល​គេ

41 ហើយ​បាន​អង្គុយ​លើ​គ្រែ​ដ៏​រុងរឿង មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ ឯង​ក៏​ដាក់​កំញាន និង​ប្រេង​របស់​អញ​លើ​តុ​នោះ​ផង

42 នោះ​មាន​ឮ​សូរ​សំឡេង​របស់​មនុស្ស​យ៉ាង​សន្ធឹក ដែល​នៅ​ដោយ​ឥត​កង្វល់​ជា​មួយ​នឹង​នាង ក៏​មាន​គេ​នាំ​ពួក​សេបា ពី​ទី​រហោ‌ស្ថាន​មក ជា​មួយ​នឹង​មនុស្ស​កក‌កុញ​នោះ ពួក​ទាំង​នោះ​បាន​បំពាក់​កង​នៅ​ដៃ​នាង ហើយ​ក្បាំង​យ៉ាង​ល្អ​នៅ​លើ​ក្បាល។

43 នោះ​ខ្ញុំ​បាន​នឹក​ពី​នាង ដែល​ធ្លាប់​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជា​យូរ​មក​ហើយ​ថា ឥឡូវ​នេះ មុខ​ជា​គេ​នឹង​សហាយ​គ្នា​នឹង​គ្នា​ហើយ

44 គេ​ក៏​ចូល​ទៅ​ឯ​នាង ដូច​ជា​ចូល​ទៅ​ឯ​ស្រី​សំផឹង គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ចូល​ទៅ​ឯ​អូហូ‌ឡា និង​អូហូ‌លីបា ជា​ស្រី​ឥត​ខ្មាស​នោះ

45 ប៉ុន្តែ​នឹង​មាន​មនុស្ស​សុចរិត​ជំនុំ‌ជំរះ​នាង​ទាំង​២ តាម​មាត្រា​ច្បាប់​ដែល​ត្រូវ​ខាង​ស្រី​កំផិត ហើយ​តាម​មាត្រា​ច្បាប់​ត្រូវ​ខាង​ស្រី​ដែល​កំចាយ​ឈាម ពី​ព្រោះ​នាង​ទាំង​២​ជា​ស្រី​កំផិត ហើយ​ដៃ​គេ​ក៏​ប្រឡាក់​ដោយ​ឈាម​ផង

46 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​នាំ​មនុស្ស​១​ពួក​ឡើង​មក​ទាស់​នឹង​នាង ហើយ​នឹង​ប្រគល់​នាង​ទៅ​គេ ឲ្យ​ត្រូវ​បៀត‌បៀន​ហើយ​រឹប‌ជាន់

47 ពួក​មនុស្ស​ទាំង​នោះ​នឹង​ចោល​នាង​នឹង​ថ្ម ហើយ​ផ្តិល​នាង​ដោយ​ដាវ គេ​នឹង​សំឡាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ដុត​ផ្ទះ​នាង​ចោល

48 គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​ការ​អាស្រូវ​បារាយណ៍ ពី​ស្រុក​ចេញ ដើម្បី​នឹង​បង្រៀន​ពួក​ស្រីៗ​ទាំង​អស់ មិន​ឲ្យ​ប្រព្រឹត្ត​តាម​ការ​អាស្រូវ​បារាយណ៍​នាង​ត​ទៅ

49 គេ​នឹង​សង​ការ​អាស្រូវ​បារាយណ៍​របស់​នាង​ទៅ​លើ​នាង​វិញ ហើយ​នាង​នឹង​ត្រូវ​រង​ទ្រាំ​ទោស​នៃ​ការ​គោរព​ដល់​រូប​ព្រះ​របស់​នាង​ដែរ នោះ​នាង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48