អេសេគាល 24 KHOV

ទី​សំគាល់​អំពី​ថ្លាង

1 លុះ​ដល់​ថ្ងៃ​១០ ខែ​បុស្ស​ឆ្នាំ​ទី​៩ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

2 កូន​មនុស្ស​អើយ ចូរ​កត់​ថ្ងៃ​នេះ​ទុក គឺ​ថ្ងៃ​នេះ​ឯង ដ្បិត​នៅ​ថ្ងៃ​នេះ ស្តេច​បាប៊ីឡូន​បាន​ចូល​ទៅ​ត​នឹង​ក្រុង​យេរូ‌សាឡិម​ហើយ

3 ចូរ​ពោល​ពាក្យ​ប្រៀប​ប្រដូច ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដាក់​ថ្លាង​នៅ​លើ​ភ្លើង ចូរ​ដាក់​ចុះ ហើយ​ចាក់​ទឹក​ផង

4 ចូរ​ប្រមូល​ដុំ​សាច់ គឺ​អស់​ទាំង​ដុំ​ល្អៗ និង​ភ្លៅ ហើយ​ស្មា​ផង ទៅ​ដាក់​ក្នុង​ថ្លាង​នោះ​ដែរ ត្រូវ​ឲ្យ​បំពេញ​ដោយ​ឆ្អឹង​យ៉ាង​សំរាំង

5 ត្រូវ​ឲ្យ​រើស​យក​ចៀម​យ៉ាង​សំរាំង ហើយ​ដុត​ទាំង​ឆ្អឹង​នៅ​ពី​ក្រោម ត្រូវ​ធ្វើ​ឲ្យ​ពុះ​យ៉ាង​ខ្លាំង ឲ្យ​ឆ្អឹង​នៅ​ក្នុង​ថ្លាង​នោះ​បាន​ឆ្អិន។

6 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម គឺ​ដល់​ថ្លាង​ដែល​ជាប់​មាន​ក្អែល ដែល​ក្អែល​នោះ​មិន​បាន​ដុស​ចេញ ចូរ​យក​សាច់​ចេញ​ដោយ​ដុំៗ ឥត​បោះ​ឆ្នោត​សោះ

7 ដ្បិត​ឈាម​ដែល​បាន​កំចាយ​នោះ ក៏​នៅ​កណ្តាល​ទី​ក្រុង​នៅ​ឡើយ វា​បាន​ដាក់​ឈាម​នោះ​នៅ​លើ​ថ្ម​រលីង មិន​បាន​ចាក់​ទៅ​លើ​ដី ដើម្បី​នឹង​គ្រប​បាំង​ដោយ​ធូលី​ដី​ទេ

8 ជា​ការ​ដែល​បណ្តាល​ឲ្យ​សេចក្ដី​ក្រោធ ឡើង​មក​សង‌សឹក​នឹង​វា ដូច្នេះ អញ​បាន​ដាក់​ឈាម​វា​ទៅ​លើ​ថ្ម​រលីង ដើម្បី​មិន​ឲ្យ​បាន​គ្រប​បាំង​ដែរ

9 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម អញ​នឹង​បង្គរ​ឱស​ឡើង​យ៉ាង​ច្រើន

10 ចូរ​គរ​ឱស​ឡើង​ជា​ច្រើន ដុត​ភ្លើង​ឲ្យ​យ៉ាង​ក្តៅ ហើយ​ស្ងោរ​សាច់​ឲ្យ​ឆ្អិន រួច​បង់​គ្រឿង‌គ្រៅ ហើយ​ដុត​ឆ្អឹង​ទៅ

11 បន្ទាប់​នោះ​ត្រូវ​ឲ្យ​យក​ថ្លាង​ទទេ ដាក់​លើ​រងើក​ភ្លើង​ឲ្យ​ក្តៅ ហើយ​ឲ្យ​លង្ហិន​បាន​ឆេះ​ទៅ ដើម្បី​ឲ្យ​គ្រឿង​ស្មោក‌គ្រោក​បាន​រលាយ​ចេញ ហើយ​ឲ្យ​ក្អែល​បាន​ឆេះ​ឲ្យ​សុស

12 វា​បាន​នឿយ​ហត់​ដោយ​ការ​ឥត​ប្រយោជន៍ ប៉ុន្តែ​ក្អែល​យ៉ាង​សំបើម​របស់​វា​មិន​ចេះ​បាត់​ចេញ​ទេ ត្រូវ​ដុត​ក្នុង​ភ្លើង​វិញ

13 មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង ដ្បិត​អញ​បាន​ដុស​ជំរះ​ឯង តែ​ឯង​មិន​បាន​ស្អាត​ទេ ដូច្នេះ ឯង​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង​ទៀត​ឡើយ ដរាប​ដល់​អញ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ ចំពោះ​ឯង​បាន​សំរាក​វិញ

14 អញ​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ ការ​នេះ​នឹង​កើត​មក ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សំរេច​ជា​ពិត អញ​មិន​ព្រម​ដក​ថយ ឬ​ត្រា‌ប្រណី​ឡើយ ក៏​មិន​ដែល​ប្រែ​គំនិត​ដែរ គេ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត និង​អំពើ​ដែល​ឯង​បាន​ធ្វើ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ទី​សំគាល់​អំពី​មរណ‌ភាព​នៃ​ភរិយា​របស់​ព្យាការី

15 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

16 កូន​មនុស្ស​អើយ មើល អញ​នឹង​ដក​យក​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​ពី​ឯង​ចេញ ដោយ​អាសន្ន‌រោគ តែ​មិន​ត្រូវ​ឲ្យ​ឯង​សោយ‌សោក ឬ​យំ‌យែក​ឡើយ ក៏​មិន​ត្រូវ​ស្រក់​ទឹក​ភ្នែក​ដែរ

17 ឯង​នឹង​ដក​ដង្ហើម​ធំ​ចុះ តែ​កុំ​ឲ្យ​ឮ​ឲ្យ​សោះ កុំ​ឲ្យ​យំ​សោក​នឹង​ខ្មោច​ស្លាប់​ឡើយ ត្រូវ​ឲ្យ​រុំ​ឈ្នួត​ជាប់​នៅ​លើ​ក្បាល ហើយ​ពាក់​ស្បែក​ជើង​វិញ មិន​ត្រូវ​ឲ្យ​បិទ​បាំង​បបូរ​មាត់​ឯង ឬ​ស៊ី​អាហារ​ធម្មតា​ទេ

18 ដូច្នេះ ខ្ញុំ​ក៏​និយាយ​ដល់​បណ្តា‌ជន​នៅ​ព្រឹក​នោះ ហើយ​ដល់​ល្ងាច​ប្រពន្ធ​ខ្ញុំ​ស្លាប់​ទៅ រួច​ព្រឹក​ឡើង​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​ទ្រង់​បង្គាប់​មក។

19 បណ្តា‌ជន​ទាំង​ប៉ុន្មាន​ក៏​សួរ​ខ្ញុំ​ថា សូម​ប្រាប់​យើង​ពី​ការ​ដែល​អ្នក​ធ្វើ​ទាំង​នេះ តើ​មាន​ន័យ​ដូច​ម្តេច​ដល់​យើង

20 នោះ​ខ្ញុំ​ប្រាប់​គេ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​ខ្ញុំ​ថា

21 ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​អញ នឹង​សេចក្ដី​អំនួត​របស់​អំណាច​ឯង​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​ឯង ព្រម​ទាំង​សំណប់​ចិត្ត​ឯង​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​ឯង​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ

22 គ្រា​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​មិន​បិទ​បាំង​បបូរ​មាត់ ឬ​ស៊ី​អាហារ​ធម្មតា​ទេ

23 ឯ​សំពត់​ឈ្នួត​នឹង​នៅ​ជាប់​លើ​ក្បាល ហើយ​ស្បែក​ជើង​នៅ​ជាប់​នឹង​ជើង​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​សោយ‌សោក ឬ​យំ‌យែក​ឡើយ គឺ​នឹង​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​នឹង​ថ្ងូរ​ប្រទល់​មុខ​គ្នា​នឹង​គ្នា​វិញ

24 អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សំគាល់ ដល់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

25 ឯ​ឯង កូន​មនុស្ស​អើយ នៅ​ថ្ងៃ​ដែល​អញ​នឹង​ដក​យក​ទី​ពឹង​ពី​គេ​ចេញ ព្រម​ទាំង​សេចក្ដី​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ និង​អ្វីៗ​ដែល​ត្រូវ​ចំណុច​ភ្នែក ហើយ​សំណប់​ចិត្ត​គេ​ផង គឺ​កូន​ប្រុស​កូន​ស្រី​គេ

26 នៅ​ថ្ងៃ​នោះ​ឯង អ្នក​ណា​ដែល​រត់​រួច​បាន គេ​នឹង​មក​ឯ​ឯង ដើម្បី​នឹង​ប្រាប់​ពី​ការ​នោះ​ឲ្យ​ឯង​ឮ​ដោយ​ត្រចៀក

27 នៅ​ថ្ងៃ​នោះ មាត់​ឯង​នឹង​បើក​ឡើង​ដល់​អ្នក​ដែល​រត់​រួច ឯង​នឹង​អាច​និយាយ​បាន មិន​នៅ​គ​ទៀត​ឡើយ គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ធ្វើ​ជា​ទី​សំគាល់​ដល់​គេ ហើយ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48