3 ចូរពោលពាក្យប្រៀបប្រដូច ដល់ពួកវង្សរឹងចចេសនោះ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរដាក់ថ្លាងនៅលើភ្លើង ចូរដាក់ចុះ ហើយចាក់ទឹកផង
4 ចូរប្រមូលដុំសាច់ គឺអស់ទាំងដុំល្អៗ និងភ្លៅ ហើយស្មាផង ទៅដាក់ក្នុងថ្លាងនោះដែរ ត្រូវឲ្យបំពេញដោយឆ្អឹងយ៉ាងសំរាំង
5 ត្រូវឲ្យរើសយកចៀមយ៉ាងសំរាំង ហើយដុតទាំងឆ្អឹងនៅពីក្រោម ត្រូវធ្វើឲ្យពុះយ៉ាងខ្លាំង ឲ្យឆ្អឹងនៅក្នុងថ្លាងនោះបានឆ្អិន។
6 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម គឺដល់ថ្លាងដែលជាប់មានក្អែល ដែលក្អែលនោះមិនបានដុសចេញ ចូរយកសាច់ចេញដោយដុំៗ ឥតបោះឆ្នោតសោះ
7 ដ្បិតឈាមដែលបានកំចាយនោះ ក៏នៅកណ្តាលទីក្រុងនៅឡើយ វាបានដាក់ឈាមនោះនៅលើថ្មរលីង មិនបានចាក់ទៅលើដី ដើម្បីនឹងគ្របបាំងដោយធូលីដីទេ
8 ជាការដែលបណ្តាលឲ្យសេចក្ដីក្រោធ ឡើងមកសងសឹកនឹងវា ដូច្នេះ អញបានដាក់ឈាមវាទៅលើថ្មរលីង ដើម្បីមិនឲ្យបានគ្របបាំងដែរ
9 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម អញនឹងបង្គរឱសឡើងយ៉ាងច្រើន